ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

40

ការហាមឃាត់ការលក់ និងផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងគួរត្រូវបានបន្ត

ភ្នំពេញ ៖
អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រវិធានការរបស់រដ្ឋាភិបាលក្នុងការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការលក់គ្រឿងស្រវឹង ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។ ជាការពិតណាស់ការប្រើប្រាស់គ្រឿងស្រវឹង ផ្ដល់ជាឱកាសសម្រាប់ការជួបជុំ ប្រមូលផ្ដុំក្នុងរយៈពេលយូរ និងប្រកបដោយឥរិយាបថធ្វេសប្រហែស ផ្ទុយនឹងវិធានការ ៣កុំ និង៣ការពារ របស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការចលនាដើម្បីសុខភាពកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២១នេះ។

លោកវេជ្ជ មុំ គង់ បានមានប្រសាសន៍ថា៖ “វិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គួរតែបន្ថរហូត ព្រោះការផ្សាយពាណិជ្ជកម្មនេះ ទាក់ទាញអោយមានការជួបជុំប្រើប្រាស់ញឹកញាប់ និងប្រើប្រាស់កាន់ច្រើន។”

ក្រោមការខ្នះខ្នែងប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាអាចនឹងគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបាន ប៉ុន្តែការផ្ទុះឡើងនៃការរីករាលដាលជំងឺកូវីដ១៩នៅតែអាចកើតជាថ្មីទៀត ដូចនេះវិធានការហាមការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគួរតែត្រូវបានបន្តរហូត។

ក្រៅពីនោះ ការប្រើប្រាស់គ្រឿងស្រវឹង បង្កអោយមានជំងឺជាង២០០មុខ ជាកត្តាចម្បងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ ជាកត្តាហានិភ័យជំរុញអោយមានអំពើហិង្សាគ្រប់ប្រភេទ ព្រមទាំងភាពក្រីក្រ។ ទាំងនេះគឺជាហេតុផលសំខាន់ផ្សេងទៀតដែលមិនគួរអោយមានការជំរុញអោយមានការប្រើប្រាស់គ្រឿងស្រវឹង តាមរយៈការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

បន្ថែមលើនេះទៀត ការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ស្របគ្នាទៅនឹងអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយហានិយភ័យបង្កដោយគ្រឿងស្រវឹង ក្នុងគោលបំណងសម្រេចអោយបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដែលកម្ពុជាគាំទ្រយ៉ាងពេញទំនឹង និងប្តេជ្ញាអនុវត្តអោយបាន។

គួរកត់សម្គាល់ផងដែរថា គ្រឿងស្រវឹងជាមូលហេតុចម្បងដែលបណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ ៣លាននាក់ក្នុងមួយឆ្នាំៗ  នេះបើយោងតាមអង្គការសុខភាពពិភពលោក៕

 

អត្ថបទដែលជាប់ទាក់ទង