ម្ចាស់ចំការចេកពងមាន់ សប្បាយកើបលុយ តែឈ្មួញកណ្ដាលថ្ងូរថា ចេកថ្លៃពិបាករកទិញ
ខេត្តកណ្ដាល ៖ ខណៈពេលជិតដល់ថ្ងៃចិនសែនក្បាលទឹក គេសង្កេតឃើញក្រុមឈ្មួញកណ្ដាលជាច្រើន បាននាំគ្នាសម្រុកចុះប្រមូលទិញផ្លែចេកពងមាន់នៅតាមចំការនានា ក្នុងស្រុកកៀនស្វាយ ស្រុកស្អាង និង បណ្ដាស្រុកនានាឯទៀត នៅក្នុងខេត្តកណ្ដាល ដោយដឹកតាមម៉ូតូពីចំការយក មកស្តុកទុកនៅតាមផ្ទះពួកគាត់ ទុកលក់នៅថ្ងៃចិនសែនក្បាលទឹក នាពេលខាងមុខ នៅតាមទីផ្សារនានា នៅរាជធានីភ្នំពេញផងដែរ។
លោកប៉ែន ពិសិដ្ឋ ហៅតាចូវ ដែលជាម្ចាស់ចំការចេកពងមាន់ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានឲ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨នេះថា ឆ្នាំនេះ ក៏ដូចបណ្ដាឆ្នាំមុនៗដែរ ដាំចេកពងមាន់ នៅលើផ្ទៃដីជាងមួយហិកតាកន្លះ ប្រមាណជាង៥០០០គុម្ព ដោយលក់ទៅឲ្យឈ្មួញកណ្ដាល ពួកគាត់ចុះទៅទិញដល់ៗចំការគាត់ផ្ទាល់តែម្ដង ដោយលក់ឲ្យឈ្មួញក្នុងចេកពងមាន់មួយស្ទងធំ ចាប់ពី៥ទៅ៦ស្និត ឡើងទៅ ក្នុងតម្លៃជិត៥ម៉ឺនរៀល និងស្ទងល្មមជាង៣ម៉ឺនរៀល ហើយចេកពង់មាន់ឆ្នាំនេះ លក់បានថ្លៃបើបៀបទៅបណ្ដាឆ្នាំមុនៗនោះ ព្រោះនៅតាមបណ្ដាស្រុក ខេត្តខ្លះ ត្រូវរងការលិចលង់ដោយទឹកជំនន់។ តែចំការទឹកមិនលិចលង់នោះទេ ដោយលើទំនប់ព័ទ្ធជុំវិញចំការ ដោយម៉ាស៊ីនបូមទឹកជាប្រចាំផងដែរ។ ម្ចាស់ចំការចេកពងមាន់ បាននិយាយទៀតថា ទោះបីចេកលក់បានថ្លៃខ្ពស់ គួរសមក្ដី តែក៏មិនសូវសមនឹងកម្លាំងដែរ ដោយហត់នឿយ ថែទាំវាជាប្រចាំហើយចេកមួយ ចំការត្រូវចំណាយលុយជាដើម ទុនជាង២០លានរៀលឯណោះ ទើបប្រមូលផលបាននៅថ្ងៃនេះ ហត់ពិតមែនតែសប្បាយកើបលុយ។
លោកញឹប សូនី ដែលជាឈ្មួញកណ្ដាល ដើរប្រមូលទិញចេកពងមាន់ មកស្តុបទុកលក់នៅថ្ងៃចិន សែនក្បាលទឹក បាននិយាយថា ចេកពងមាន់ឆ្នាំនេះទិញពីម្ចាស់ចំការ ឡើងថ្លៃបន្តិចមែន តែនៅពេលយើងយកទៅបោះ ឲ្យតាមផ្ទះ ឬតាមទីផ្សារនានា នៅរាជធានីពេញក៏លក់បានថ្លៃខ្ពស់ដែរ បើធៀបទៅនឹងការលក់ចេករៀងរាល់ថ្ងៃសីលនោះ ហើយនៅឆ្នាំនេះ មានឈ្មួញគាត់ចុះទិញចេកពងមាន់ដល់ៗ ចំការ ច្រើនគ្នាណាស់ទើបម្ចាស់គាត់ បានចិត្តដំឡើងថ្លៃចេកពងមាន់ លក់ថ្លៃខ្ពស់កប់ពពក ហើយម៉្យាងទៀត បើយើងមិនទិញគេទិញ។ ចំណែក ចែ ស ដែលជាឈ្មួញដើរទិញចេក ពងមាន់ ទុកលក់នៅថ្ងៃចិនសែនក្បាលទឹកនោះ និយាយស្រដៀង និងលោកពូញឹប សូនីដែរថា ចេកឆ្នាំនេះ ថ្ងៃហើយពិបាករកទិញណាស់ដូចនេះ ទិញពីចំការថ្ងៃពេក ចឹងដល់យកលក់នៅទីផ្សារពិបាកចំណេញណាស់៕