ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

55

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋក្រុមទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋប្រើប្រាស់បណ្តាញសង្គម ដែលបានផ្តល់ព័ត៌មានអំពីការប្រើអំពើហឹង្សាលើក្មេងស្រីម្នាក់អាយុ៦ឆ្នាំដោយចងដៃ ប្រព្រឹត្តដោយជីដូននិងអ៊ំស្រីរបស់ក្មេងស្រីនោះ កាលពីរំលងអធ្រាត្រយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមការងារដ្ឋបាលខណ្ឌមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ សង្កាត់ទួលសង្កែទី១ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ បានចុះពិនិត្យស្រាវជ្រាវបន្ទាន់និងឈានទៅឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ដើម្បីអនុវត្តនីតិវិធីច្បាប់ជាធរមាន និងបាននាំក្មេងស្រីជាជនរងគ្រោះប្រគល់ជូនឪម្តាយវិញ។

យោងតាមការសាកសួរជនសង្ស័យទាំងពីរនាក់ និងម្តាយក្មេងស្រីនោះ បានឲ្យដឹងថាដោយសារទម្លាប់អប់រំក្មេងជាញឹកញាប់ចង់អោយក្មួយនិងចៅរៀនសូត្រផង និងញ៉ាំអាហារបានច្រើន ប៉ុន្តែក្មេងស្រីគាត់ចូលចិត្តលេងទូរស័ព្ទច្រើនពេក លួងលោមមិនស្តាប់ ទើបឈានដល់ការប្រើហឹង្សាចងដៃគំរាមឲ្យខ្លាច។ ជនសង្ស័យទាំង២ បានចិញ្ចឹមក្មេងស្រីម្នាក់នេះតាំងពីតូចមកម្លេះ ដោយសារឪពុកម្តាយក្មេងស្រីម្នាក់នេះ មានទំនាស់និងលែងលះគ្នា ទុកក្មេងស្រីនេះអោយជីដូននិងម្តាយធំមើលថែរហូត ០៤នាក់ ក្មេងស្រីនេះជាកូនពៅគេ ។

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឪពុក ម្ដាយក្មេងស្រី បានមកធ្វើបែបបទមិនខឹងមិនប្ដឹងជនសង្ស័យទាំងពីរទេដោយសារពួកគាត់បានផ្ញើកូនរបស់គាត់ឲ្យអ្នកទាំងពីរនេះចិញ្ចឹមមើលថែតាំងតែពីតូចមក តែដោយហេតុថាកូនស្រីរបស់គាត់រពឹសរឹងរូសមិនស្ដាប់បង្គាប់ជីដូននិងអ៊ំស្រី ទើបធ្វើឲ្យមានកំហឹងមួយពេលមិនបានគិត។

ឪពុកម្តាយក្មេងស្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដែលតែងតែយកចិត្តទុកដាក់ចំពោះការងារសន្តិសុខក្នុងមូលដ្ឋានពាក់ព័ន្ធនឹងភូមិសង្កាត់មានសុវត្ថិភាព ពិសេសករណីហឹង្សាលើកូនស្រីរបស់ពួកគាត់បានឆាប់រហ័សនិងទាន់ពេលវេលាទោះបីពេលវេលាណាក៏ដោយ។

បច្ចុប្បន្ន ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១បានប្រគល់ក្មេងស្រីរងគ្រោះជូនទៅឲ្យឪពុកម្តាយបង្កើតរបស់ក្មេងស្រីវិញហើយ ។

រដ្ឋបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានផ្តល់ព័ត៌មានទាន់ហេតុការណ៍មករដ្ឋបាលខណ្ឌ ក៏ដូចជាអង្គភាពពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខណ្ឌ ហើយសូមបងប្អូនបន្តផ្តល់ព័ត៌មានបន្តទៀតគ្រប់រូបភាព គ្រប់ទម្រង់ ដើម្បីក្រុមការងាររដ្ឋបាលខណ្ឌចុះអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងអនុវត្តនីតិវិធីច្បាប់បានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង