អំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមចូលរួមទស្សនា ពិធីបុណ្យសមុទ្រនៅខេត្តកោះកុង
កោះកុង៖ ជាមួយនឹងការរំពឹងទុកថា ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរប្រហែល យ៉ាងតិច៩ម៉ឺននាក់នោះ លោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី មិថុនា ភូថង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមចូលរួមទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុងនេះឱ្យបានច្រើនកុះករ។
ប្រជាពលរដ្ឋខ្មែរដែលទៅលេងបុណ្យសមុទ្រក្នុងរយៈពេល៣ថ្ងៃ ក៏អាចឆ្លងទៅលេងដល់ខេត្តត្រាតប្រទេសថៃបានដែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណទៅជាមួយ បើចង់បើករថយន្តចូលខ្លួនឯង ត្រូវមានប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយបើមានក្មេងតូចៗទៅជាមួយត្រូវយករូបថតទៅផង ពោលគឺមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន (តែបើមានលិខិតឆ្លងដែន Passport ក៏គួរយកតាមផង កាន់តែងាយស្រួល)។
ពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែធ្នូខាងមុខ ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណីយ គឺនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យនេះនឹងឈានចូលមកដល់ហើយ។ ពិធីបើកជាផ្លូវការនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី១៥ ធ្នូ ២០១៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
ក្រោយកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅសាលាខេត្តកោះកុង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ភាគីកម្ពុជា និងភាគីថៃបានសម្របសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងសងខាង ក្នុងការទៅមកទស្សនាកម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាតរយៈពេលបីថ្ងៃនៃពិធីបុណ្យសមុទ្រខាងមុខ។
ឯកឧត្តម ថោង ខុន បានឱ្យដឹងថា ប្រជាពលរដ្ឋដែលទៅទស្សនាពិធីបុណ្យសមុទ្រហើយមានបំណងចង់ទៅលេងកម្សាន្តនៅខេត្តត្រាត ប្រទេសថៃ ត្រូវយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់យានយន្ត និងប័ណ្ណបើកបរ ហើយប្រសិនបើមានកូនចៅក្មេងៗទៅជាមួយ ត្រូវដាក់រូបថតរបស់ពួកគេទៅជាមួយផង ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចប្រចាំនៅច្រកព្រំដែនចាំយាម។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ជាមួយគ្នានោះដែរថា សម្រាប់ប្រជាពលរដ្ឋដែលមិនចង់បើករថយន្តរបស់ខ្លួនទៅផ្ទាល់ទេ ក៏អាចផ្ញើរថយន្តនៅវត្តចាំយាម ក្បែរព្រំដែនកម្ពុជា-ថៃបាន ហើយគេនឹងមានរថយន្តពីខាងថៃមកទទួលទៀតផង។ ក្រៅពីនេះ បើបងប្អូនចង់ទៅស្នាក់ផ្ទះសំណាក់ ឬសណ្ឋាគារនៅខ្លងយ៉ៃ ឬទីរួមខេត្តត្រាតក៏បានដែរ ដែលមានតម្លៃសមរម្យ។ ខេត្តបានរៀបចំបញ្ជរពត៌មាននៅ៣ទីតាំងគឺនៅ៖
១.រង្វង់គល់ស្ពានកោះកុង ២.នៅវត្តចាំយាម ៣.នៅច្រកទ្វាអន្តរជាតិចាំយាម ។ (លេខទូរស័ព្ទទំនាក់ទំនងកក់បន្ទប់ និងទំនាក់ទំនងព័ត៌មាន ផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងកម្សាន្ត៖016-444-938/016-444-937)
លោករដ្ឋមន្ត្រី និងលោកស្រីអភិបាលខេត្ត បានបន្តថា ចំពោះផ្លូវជាតិលេខ៤៨ ដែលចេញពីរង្វង់មូលស្រែអំបិលឆ្ពោះទៅខេត្តកោះកុង ត្រូវបានឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងាររបស់កងវិស្វកម្ម បានសម្រេចការជួសជុលរួចរាល់ ១០០ភាគរយ ហើយ។
ទន្ទឹមនឹងនោះ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកោះកុងក៏បានសហការគ្នារៀបចំតំបន់រមណីយដ្ឋានទេសចរណ៍មួយចំនួនទៀត សម្រាប់ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យសមុទ្រផងដែរដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយឃុនឆាង តំបន់ជុំវិញក្រុងខេមរភូមិន្ទ ព្រមទាំងកម្មវិធីកីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀតផងដែរ៕