ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិសោធន៍ ទឹកខ្មៅជ្រលក់ដៃមកពីឥណ្ឌា មានគុណភាពល្អ

161

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំស្ដីពីដំណើរការប្រព្រឹត្តទៅ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ ឆ្នាំ២០១៨​ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត​ និងរាប់សន្លឹកឆ្នោត​ ព្រមទាំងការបង្ហាញពីគុណភាព ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ​ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំនៃក្រសួងមហាផ្ទៃ។

លោក ទេព នីថា អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា ក្រោយពិនិត្យ និងពិសោធន៍ទឹកខ្មៅជ្រលក់ដៃ មកពីប្រទេសឥណ្ឌា ឃើញថា ទឹកខ្មៅជ្រលក់ដៃ ដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះ មានគុណភាពល្អ គឺដូចទឹកខ្មៅ ដែលបានប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី៤ ។ ទឹកថ្នាំជ្រលក់ដៃ និងសម្ភារៈដែលបម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា​ ខាងមុខនេះ គឺខាង គ.ជ.ប បានដឹកជញ្ជូនទៅតាមបណ្តាលខេត្តមួយចំនួនបណ្តើរៗផងដែរ។។ “យើងបានសាកល្បងរួចហើយ គឺការសាកល្បងដូចកាលបោះឆ្នោតឃុំ-សង្កាត់ដែរ គឺបានធានាថា គុណភាព(ទឹកខ្មៅ)នេះល្អ ហើយសូមជម្រាបបន្ថែមថា បើយើងនៅខាងក្រៅកន្លែងបោះឆ្នោត គឺទឹកថ្នាំនេះរក្សាបាននូវគុណភាពដូចគ្នា ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់” នេះបើតាមលោក ទេព នីថា មានប្រសាសន៍បន្ថែម។

លោកបានបន្តថា ការបង្ហាញនេះ គឺឱ្យតំណាងគណបក្សនយោបាយ និងអង្គការជាតិ-អន្តរជាតិ សាកល្បងជ្រលក់ ដើម្បីឱ្យដឹងពី គុណភាពនៃទឹកខ្មៅ ជ្រលក់ដៃនេះ។ គ.ជ.ប បានបញ្ជាទិញទឹកខ្មៅជ្រលក់ដៃ មានចំនួន៥១.០០០ដប ពីប្រទេសឥណ្ឌា ដោយប្រើប្រាស់ថវិកាប្រមាណ ៨០ម៉ឺនដុល្លារ ហើយត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨។ ទឹកខ្មៅទាំងនេះ គឺសម្រាប់ប្រើនៅតាមការិយាល័យបោះឆ្នោត ជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស ដោយក្នុង១ការិយាល័យ តម្រូវឱ្យប្រើទឹកខ្មៅចំនួន២ដប។

ពាក់ព័ន្ធនឹងការរៀបចំការបោះឆ្នោតនេះ លោក ទេព នីថា បានអះអាងថា គ.ជ.ប បានដាក់​បណ្តឹងទៅកាន់​ក្រសួងមហាផ្ទៃឱ្យ​ចាត់វិធានការ​លើ​អ្នក​ទូរស័ព្ទ ដែល​បាន​ប្រើ​ពាក្យអសុរស និង​ប្រមាថ​លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប និងលើប្រព័ន្ធផ្សព្វផ្សាយទាំងឡាយណាដែលប្រឆាំង និងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត គឺជាទង្វើខុសច្បាប់។

លោកអគ្គលេខាធិការ គ.ជ.ប បានថ្លែងថា៖ ការចាត់វិធានការណ៍ទៅចំពោះការប្រឆាំង រំខាន់ដល់ការបោះឆ្នោត ធ្វើឱ្យប៉ះពាល់ ដល់ដំណើរការបោះឆ្នោត ជាអំពើខុសច្បាប់ ។ គ.ជ.ប បានចាត់វិធានការណ៍បានខ្លះហើយ ឧទាហរណ៍ថ្មីៗនេះ នៅពេលដែលយើងបានទូរស័ព្ទ ដើម្បីបញ្ជូនឱ្យប្រជាពលរដ្ឋសួរពីបញ្ហាទៅបោះឆ្នោត សួរបញ្ហាឈ្មោះរបស់គាត់នៅក្នុងបញ្ជីបោះឆ្នោត មានអ្នកទូរស័ព្ទមករំខាន ហើយនិយាយសម្តីចំអេសចំអាសមិនសមរម្យ ឥឡូវនេះ យើងបានបញ្ជូនទៅកាន់គណៈបញ្ជាការសន្តិសុខបោះឆ្នោត ដើម្បីចាត់វិធានការណ៍លើជនទាំងនោះតាមផ្លូវច្បាប់។ គ.ជ.ប ត្រូវការពារផលប្រយោជន៍ ពីការបោះឆ្នោត ការពារផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការពារលទ្ធប្រជាធិបតេយ្យ ក្នុងករណីណាមួយដែលល្មើសច្បាប់ គ.ជ.ប ដែលមានសមត្ថកិច្ចលើចមណាត់ការនេះ នឹងចាត់ការតាមផ្លូវច្បាប់ផងដែរ។

ក្នុងឱកាសនោះដែរ លោក ហ៊ែល សារ៉ាត់ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ ត្រូវមានកម្លាំងសន្តិសុខការពារចំនួន៣នាក់ ប៉ុន្តែពួកគាត់អាចកាន់អាវុធវែងបានតែ១ដើមគត់ ដែលមានគ្រាប់យ៉ាងច្រើន៣០គ្រាប់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។

លោក ហ៊ែល សារ៉ាត់ បានថ្លែងថា នៅថ្ងៃបោះឆ្នោតខាងមុខ ភ្នាក់ងារសន្តិសុខ៣នាក់ ដែលការពារតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ ត្រូវស្លៀកពាក់ឯកសណ្ឋានកងកម្លាំងឱ្យបានត្រឹមត្រូវ និងត្រូវពាក់ប្រឡង់ដៃសន្តិសុខរបស់ គ.ជ.ប រហូតដល់ចប់ភារកិច្ច។ ភ្នាក់ងារសន្តិសុខបោះឆ្នោតមានភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ កុំឱ្យមានការរំខាន ការអុកឡុក ការបំភិតបំភ័យ និងការគំរាមកំហែង ឬហេតុការណ៍ផ្សេងៗដែលអាចកើតឡើងបាន ហើយត្រូវហាត់ឃាត់ជនដែលយកអាវុធជាតិផ្ទុះ និងវត្ថុដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗចូលក្នុងបរិវេណខាងក្រៅ និងបរិវេណខាងក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

លោកបានបន្ថែមថា ភ្នាក់ងារសន្តិសុខម្នាក់ ត្រូវចល័តការពារបរិវេណខាងក្នុងនៃការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលមានចម្ងាយយ៉ាងតិច១៥ម៉ែត្រ ពីការិយាល័យនោះ ដោយមិនចាំបាច់ប្រើប្រាស់អាវុធ។ រីឯភ្នាក់ងារសន្តិសុខចំនួន២នាក់ទៀត ត្រូវចល័តជុំវិញបរិវេណការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងចម្ងាយពី១០០ម៉ែត្រ ឬស្ថិតក្នុងស្ថានភាពជាក់ស្ដែង នៃបរិវេណខាងក្រៅនៃការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ អាចប្រើប្រាស់អាវុធវែង១ដើម ដែលមានគ្រាប់យ៉ាងច្រើន៣០គ្រាប់។ ក្នុងករណីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតច្រើនប្រមូលផ្តុំក្នុងបរិវេណ ឬអគារតែមួយ ចំនួនភ្នាក់ងារសន្តិសុខបោះឆ្នោតសម្រាប់ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវសមស្របទៅនឹងស្ថានភាពជាក់ស្ដែង ប៉ុន្តែមិនត្រូវលើសពី៣នាក់ក្នុងមួយការិយាល័យឡើយ។

លោក ហ៊ែល សារ៉ាត់ បានបន្តទៀតថា ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវប្រមូលផ្តុំកម្លាំងយាមនៅទីកន្លែងរក្សាទុក ឬការពារការដឹកជញ្ជូនសម្ភារបោះឆ្នោតពីគោលដៅមួយទៅគោលដៅមួយ តាមការកំណត់របស់ គ.ជ.ប ឬ/និង គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។

គ.ជ.ប បានរៀបចំនូវការការពារសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងគោលបំណងសម្រេចបានគោលដៅសំខាន់ៗមួយចំនួន ដូចជា៖​ការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧបាយកលពិសពុល ក៏ដូចជាការប៉ុនប៉ងបំផ្លិតបំផ្លាញ ឬធ្វើឱ្យរាំងស្ទះដល់ដំណើរការ រៀបចំការបោះឆ្នោតតាមគ្រប់រូបភាព។ ធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងអំពើហិង្ស។ ផ្ដល់នូវសេវាសន្តិសុខជូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត តំណាង ឬភ្នាក់ងារបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ៕

  

អត្ថបទដែលជាប់ទាក់ទង