ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសមាគមអ្នកនាំចូលរបស់កូរ៉េ មានចំណាប់អារម្មណ៍ លើផលិតផលកៅស៊ូ របស់កម្ពុជា ខណៈកម្ពុជាចង់អោយកូរ៉េបង្កើតរោងចក្រនៅកម្ពុជា

97

កូរ៉េ៖ ប្រធានសមាគមអ្នកនាំចូលរបស់កូរ៉េ លោក Myoung-Jin Shin បានមានប្រសាសន៍បញ្ជាក់ថា លោកមានចំណាប់អារម្មណ៍ លើផលិតផលកៅស៊ូ របស់កម្ពុជា ហើយថាលោកនឹងដឹកនាំក្រុមការងាររបស់លោក​ទៅសិក្សាលំអិតអំពីផលិតផលកៅស៊ូរបស់កម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាពថា​តើគួរត្រូវទៅបង្កើតរោងចក្រ ដើម្បីកែច្នៃកៅស៊ូនៅលើទឹកដីកម្ពុជា ឬក៏នាំជ័រកៅស៊ូមកធ្វើការកែច្នៃនៅប្រទេសកូរ៉េតែម្តង។
ការបង្កាញពីចំណាប់អារម្មណ៍បែបនេះ របស់Myoung-Jin Shin បានធ្វើឡើងកាលពីព្រឹក
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ខណៈលោកដឹកនាំប្រតិភូសមាគមអ្នកនាំចូលរបស់កូរ៉េ (Korea Importer Association)ជំនួបការសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង។
ជាកិច្ចឆ្លើយតប លោកអគ្គរាជទូតបានសំដែងនូវការស្វាគមន៍ ដល់ប្រតិភូដែលចាប់អារម្មណ៍ លើផលិតផលកៅស៊ូរបស់កម្ពុជា។ លោកឡុង ឌីម៉ង់បានបន្ថែមថាកម្ពុជាមានផ្ទៃដីទូលាយសម្រាប់ដំណាំកៅស៊ូ ដែលអាចផ្គត់ផ្គង់កៅស៊ូតាមតម្រូវការ និងបានជម្រុញឱ្យក្រុមហ៊ុនរបស់កូរ៉េ ទៅវិនិយោគលើការផលិត និងកែច្នៃដោយផ្ទាល់នៅប្រទេសកម្ពុជាតែ ម្តង ព្រោះថារាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយលើកទឹកចិត្តយ៉ាងច្រើនដល់វិនិយោគិន និងបានសន្យាថានឹងជួយសម្របសម្រួល ដល់ការសិក្សាស្វែងយល់របល់ប្រតិភូ នៅប្រទេសកម្ពុជា ឱ្យបានរលូន និងជោគជ័យផងដែរ។
បន្ថែមពីនោះ លោកអគ្គរាជទូត បានស្នើសុំឱ្យសមាគមអ្នកនាំចូលកូរ៉េ ពិចារណាផងដែរលើការនាំចូល​នូវផលិតផលកសិកម្មរបស់កម្ពុជាដទៃទៀត​​ ដែលប្រទេសកូរ៉េ មានតម្រូវការប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង