ចាប់ជនល្មើស២នាក់ បុកទូវីងបន្លំចូលលួចលុយ ចំនួន២០០០ដុល្លារនៅស្រុកកំចាយមារ
ព្រៃវែង ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកប្រមាណ ៦នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ ក្នុងករណីចូលកន្លែងវេរលុយបន្លំធ្វើជាដូរលុយ និងទិញស្រាបៀរ រួចក៏ចូលមកយកលុយទុកនៅទូវីង ដាក់ក្នុងកាបូបពណ៌ខ្មៅ ក្នុងមានចំនួន២.០០០ដុល្លារ (ពីរពាន់ដុល្លារ) តែត្រូវបានគេឃើញស្រែកចោរៗ ចាប់ខ្លួនបាន២នាក់ ចំណែកបក្ខពួកផ្សេងទៀត រត់បាត់អស់។
ហេតុការណ៍ក្រុមបុកទូនេះ បានកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី នៅផ្ទះវីងវេរលុយ ស្ថិតនៅភូមិសាមគ្គី ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហឿន សារ៉ុត ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។
ចំណែកជនសង្ស័យ ទី ១-ឈ្មោះ ស្រី សំអឿន ភេទប្រុស អាយុ50ឆ្នាំ ភូមិ២៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យ ទី2-ឈ្មោះ លី ប៊ុនរស្មី ភេទប្រុស អាយុ9ឆ្នាំ នៅភូមិឃុំជាមួយគ្នា។
តាមរបាយការណ៍បានឲ្យដឹងថា ពេលក្រុមជនសង្ស័យយកលុយបានហើយ ក៏រត់ចេញមកខាងក្រៅ បម្រុងរត់ឡើងជិះរថយន្ដសាំងយ៉ុងពណ៌ស មិនស្គាល់ផ្លាកលេខនិងម៉ូតូរបស់បក្ខពួក ដែលនៅរង់ចាំនៅខាងក្រៅ តែត្រូវបងថ្លៃជនរងគ្រោះឃើញទាន់ ក៏ស្រែកថាឆោឡោថាចោរៗ ពេលនោះក៏ត្រូវប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ រត់ដេញចាប់បានចំនួន២នាក់ និងម៉ូតូ១គ្រឿងម៉ាកហុងដា C125 ស៊េរី2013 ពាក់ផ្លាកលេខ ភ.ព 1BX 9113។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថតាង បានបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកកំចាយមារ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ហើយសមត្ថកិច្ចក៏កំពុងតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួក ដែលជិះរថយន្តរត់គេចខ្លួន៕ដោយ៖កូឡាប