អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨
ភ្នំពេញ៖
ព្រឹកថ្ងៃចន្ទ៥រោចខែមិគសិរឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩ក្រសួងធម្មការនិងសាសនាបានសហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈបានប្រារព្ធពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចវិបុលសេនាភក្តីសាយឈុំប្រធានព្រឹទ្ធសភាជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈថ្នាក់ដឹកនាំព្រះសង្ឃគ្រប់ជាន់ថ្នាក់ព្រះថេរានុត្ថេរៈនិងតំណាងសាសនានាៗដែលមានវត្តមាននៅកម្ពុជានិងសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភានិងរាជរដ្ឋាភិបាលសរុបប្រមាណចំនួន១០០០អង្គ/នាក់ដែលនឹងប្រព្រឹត្តទៅមានរយះពេល២ថ្ងៃគឺចាប់ពីថ្ងៃចន្ទ–អង្គារ៥–៦រោចខែមិគសិរឆ្នាំកុរឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦–១៧ខែធ្នូឆ្នាំ២០១៩នៅសាលសន្និសីទចតុម្មុខ។
គួរបញ្ជាក់ផងដែរថាអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៨នេះគឺពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃកាលពីឆ្នាំកន្លងទៅដោយមានកិច្ចពិភាក្សានិងផ្លាស់ប្តូរយោបល់លើការងារព្រះពុទ្ធសាសនានាពេលបច្ចុប្បន្ននិងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្តសំដៅពង្រឹងការអនុវត្តរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងនិងរាល់លិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានការរីកចំរើនថ្មីៗបន្ថែមទៀតក្នុងការរួមចំណែកអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិសម្រាប់ជាផលប្រយោជន៍រួមប្រកបដោយសុខដុមរមនាដែលជាឫសគល់ក្នុងការថែរក្សានិងការពារវប្បធម៌សន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវគោលនយោបាយផែនការយុទ្ធសាស្រ្តនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ជាត្រីវិស័យក្នុងការដឹកនាំនិងការអនុវត្តគោលនយោបាយវិស័យសាសនាដោយទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ៕