ប្រមុខការពារជាតិកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចនៅវៀតណាមរយះពេល៥ថ្ងៃ
ភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានអោយដឹងថាសម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាចេញទៅបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងដំណើរទស្សនកិច្ចដែលធ្វើឡើងតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ង៉ូស៊ុនលិច្សរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាមនេះសម្តេចពិជ័យសេនានិងគណៈប្រតិភូនឹងអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ង៉ូស៊ុនលិច្សនិងចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារឆ្នាំ២០២០–២០២៤និងផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០រវាងក្រសួងការពារជាតិប្រទេសទាំង២រដ្ឋធានីហាណូយរបស់វៀតណាម។នេះបេីតាមសេចក្តីប្រកាសព័ត៌មានដដែល។
គួរបញ្ជាក់ថានៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក្រសួងការពារជាតិកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រីភាគីកម្ពុជា–វៀតណាម–ឡាវនិងចូលរួមក្នុងពិធីរំឮកខួបអនុស្សាវរីយ៍លើកទី៧៥ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាមនៅទីស្តីការក្រសួងការពារជាតិវៀតណាមផងដែរ៕