ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ និងបក្ខពួក វាយបុរសម្នាក់ បែកឈាមពេញមុខ
ភ្នំពេញ៖ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ និងបក្ខពួកបានចាប់ និងវាយបុរសម្នាក់ បែកឈាមពេញមុខ ដោយចោទថា បានចូលទៅអុកឡុក និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី។
បន្ទាប់ពីមានករណីនេះកើតឡើង លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅថ្ងៃទី១៧ខែធ្នូនេះ បានសរសេរសារលើហ្វេសប៊ុកថា “សូមសមត្ថកិច្ចចាត់វិធានការលើថៅកែហ្គារាស់សាំងPTTនៅកប់ស្រូវនឹងបក្ខពួក ពីព្រោះប្រទេសមានច្បាប់ គឺត្រូវតែគោរពច្បាប់ជា
ធរមាន”។
លោកពេជ្រ ស្រស់ បានបញ្ជាក់ថា “អ្នកធ្វើខុស គឺត្រូវតែប្រគល់ឱ្យអ្នកអនុវត្តច្បាប់ចាត់ការ។
សូមរួមគ្នាបញ្ឈប់សកម្មភាពក្រៅប្រព័ន្ធច្បាប់ ដើម្បីធានាសិទ្ធិដល់ពលរដ្ឋគ្រប់ៗរូប “។
បើយោងតាមគណនីហ្វេសប៊ុក លោកផែង វណ្ណៈ ដែលបានបង្ហោះ រូបថត នៅថ្ងៃទី១៧ខែធ្នូនេះថា ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួរស្រូវ ខណ្ឌដង្កោ ជាប់ផ្លូវជាតិលេខ២ លោកសារុន វិថូរ៉ាត់ ដែលគេស្គាល់ថា ជាកូនប្រុសលោកច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលតាកែវ បានចាប់ និងវាយបុរសម្នាក់ដោយចោទថា បានចូលទៅអុកឡុក និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី “។
គណនីហ្វេសប៊ុក លោកផែង វណ្ណៈ បានបញ្ជាក់បន្ថែមថា “ទង្វើរបស់ថៅកែរូបនេះ គឺជាបទល្មើសហិង្សាដោយចេតនា ដែលត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ ។ បើបុរសរូបនោះបានប្រព្រឹត្តនូវទង្វើណាមួយល្មើសច្បាប់ ថៅកែស្ថានីយ៍ប្រេងគួរតែប្ដឹងនគរបាល ឬចាប់ខ្លួនបុរសនោះ ប្រគល់មកឲ្យនគរបាលចាត់ការតាមច្បាប់ មិនមែនចាប់បុរសនោះវាយតាមកំហឹងខ្លួននោះទេ” ៕