ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បដិសេធនិងឆ្លើយតប ចំពោះការលើកឡើង របស់ម្ចាស់ហ្វេសប៊ុក ឈ្មោះ ហៀង ផ្កាយព្រឹក ដែលថា នគរបាលស្រុក និងខេត្ត ចាប់អ្នកលេងល្បែង រួចដោះលែង

89

កំពង់ស្ពឺ ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២១ខែកក្កដានេះ សូមធ្វើការបដិសេធនិងឆ្លើយតបចំពោះការលើកឡើង របស់ម្ចាស់គណនី Facebook ម្នាក់ ឈ្មោះ ហៀង ផ្កាយព្រឹក ដែលអះអាងថា នគរបាលស្រុក និងខេត្ត ចាប់អ្នកលេងល្បែងរួចដោះលែងវិញ ដោយសារតែប្រាក់។

កាលពីថ្ងៃចន្ទ ១២រោជ ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនិងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ កំលាំងនគរបាលស្រុកសំរោងទង និងកំលាំងការិ.ព្រហ្មទណ្ឌខេត្ដបានសហការបង្រ្កាបទីតាំងបើកភ្នាល់ល្បែងជល់មាន់តាមទូរទស្សន៍ខ្សែកាប(Live)ជ្រកក្រោមផ្លាកយីហោលក់កាហ្វេមួយកន្លែង ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង «ម្ចាស់ផ្ទះឈ្មោះ ភិន ជា » លទ្ធផលជាក់ស្ដែងកំលាំងឃាត់មនុស្ស ១៩ នាក់ ដកហូតសម្ភារៈ ពាក់ព័ន្ធមួយចំនួនរួចបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក និងស្នងការដ្ឋាននគរបាលខេត្ដ ដោយបានការឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ដកំពង់ស្ពឺ។

តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង ទីតាំងខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែររាយការណ៍ស្ទើរាល់ថៃ្ង អំពីសកម្មភាពអ្នកលេងល្បែងភ្នាល់មាន់ជល់នេះ ព្រោះមានការរំខានយ៉ាងខ្លាំង ដោយការស្រែកឡូឡា តាមទំនើងចិត្ត ដោយមិនខ្លាចក្រែងអ្នកជិតខាង និងច្បាប់ឡើយ លើសពីនេះ ទីតាំងខាងលើ ក៏ធ្លាប់ត្រូវបាន សមត្ថកិច្ចធ្វើការបង្រ្កាបជាច្រើនដងមកហើយដែរ តែម្ចាស់ផ្ទះមិនព្រមរាងចាល លើកទី១-បង្រ្កាបល្បែងអាប៉ោង,លើកទី២-បង្រ្កាបល្បែងជល់មាន់, លើកទី៣-ល្បែងកន្ទុយលេខ និងលើកទី៤-បង្ក្រាបល្បែងជល់មាន់តាមទូរទស្សន៍(Live)។

ពេលថ្មីៗនេះក៏អ្នកលេងបណ្ដាញសង្គម face book ម្នាក់ គណនីឈ្មោះ ហៀង ផ្កាយព្រឹក បានចេញឃ្លីបវីដេអូមួយទាក់ទងទៅនិងចំណាត់ការរបស់ សមត្ថកិច្ចស្រុកសំរោងទង ព្រហ្មទណ្ឌខេត្ត ថាបានចាប់មនុស្សនិងដោះលែងវិញ ដោយសារប្រាក់ ២០០ដុល្លារ ១០០ដុល្លារ ក្នុងម្នាក់ និងបានធ្វើការចោទប្រកាន់មកលើថ្នាក់ដឹកនាំស្នងការ ព្រះរាជអាជ្ញា ថាមិនចេះធ្វើការនិងបានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ មកគំរាមថារូបគេស្គាល់ថ្នាក់ដឹកនាំលើៗច្រើនណាស់។ ទាក់ទងនិងការចោទប្រកាន់របស់បុគ្គលខាងលើនេះដែរ លោកវរសេនីយ៍ឯក ជា វណ្ណា នាយការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល បានបញ្ជាក់ថាបុគ្គលខាងលើ គឺឈ្មោះ កៅ សុខហៀង អាយុ ៤១ឆ្នាំ មុខរបរ យោធា ហើយបុគ្គលខាងលើក៏មានវត្តមាននៅក្នុងទីតាំង រួមជាមួយអ្នកលេងល្បែងភ្នាល់មាន់ជល់នោះដែរ ក្រោយឃាត់អ្នកទាំង ១៩នាក់ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដោយមិនបានដាក់ក្នុងបន្ទប់ ៤៨ ម៉ោង ដូចការលើកឡើងរបស់បុគ្គល កៅ សុខហៀង នោះទេ ដោយបានការឯកភាពពីលោកព្រះរាជអាជ្ញារ និងមានសំណូមពរ ការធានារបស់ក្រុមគ្រួសារពួកគេ សមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាអប់រំ អោយវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ចំពោះសម្ដីថាមានការផ្ដល់ប្រាក់ចំនួន ២០០ដុល្លារ ១០០ដុល្លារ ក្នុងម្នាក់ៗនោះ គឺមិនពិតដូចការលើកឡើងរបស់បុគ្គលឈ្មោះ កៅ សុខហៀ
ងដែលមានបង្ហោះនៅក្នុងបណ្ដាញសង្គមនោះឡើយ

ករណីនេះលោកឧត្ដមសេនីយ៍ត្រី សោម បូរ៉ាស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថាក្នុងពេលប្រតិបត្តិការសមត្ថកិច្ចមិនអាចបែងចែកអ្នកណាជាអ្នកលេង ឬមិនលេងនោះទេ ទីតាំងមួយមានអ្នកហ៊ោកញ្ជៀវនិង អ្នកមើលទាំងអស់ តើអ្នកណាដឹងថាគាត់មិនបានជាប់ពាក់ព័ន្ធ ក្រោយពីការសាកសួរស្រាវជ្រាវ ទើបសមត្ថកិច្ច កំណត់អត្តសញ្ញាណបាន អ្នកមិនពាក់ព័ន្ធ និងត្រូវបានដោះលែងវិញ ចំពោះការចោទប្រកាន់អំពីការដោះលែងថ្នូរនិងប្រាក់ លោកសូមបដិសេធទាំងស្រុង លោកស្នងការរង បានបន្ថែមទៀតថា នៅក្នុងទីតាំងល្បែងខុសច្បាប់ ពេលសមត្ថកិច្ចបង្រ្កាបដាច់ខាតត្រូវតែឃាត់ ហើយលោកទទួលស្គាល់ថាពាក្យសម្ដីដែល អ្នកឮ ជាសម្ដីរបស់បុគ្គលមិនមែនជា ចរិត បទបញ្ជារបស់ថ្នាក់ដឹកនាំ នោះទេ តែទង្វើនេះលោកស្នងការរង ទទួលយកទៅធ្វើការស្រាវជ្រាវ បើជាការពិត យើងនិងធ្វើការដាក់វិន័យចំពោះបុគ្គលនោះ តាមបទបញ្ជាវិន័យរបស់កងកម្លាំងនគរបាលជាតិ។

លោកស្នងការរងបានបញ្ជាក់ថា ការបង្រ្កាបល្បែងស៊ីសង គឺជាការអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លក្ខណៈសម្បត្តិទាំង ៩ ចំណុច ហើយរាល់ការបង្ក្រាបរបស់សមត្ថកិច្ច តែងមានការគាំទ្រពីមហាជន អ្នកដែលមិនស្រឡាញ់ការលេងល្បែង ហើយក៏មិនសប្បាយចិត្ត ពីអ្នកញៀនល្បែងដែលត្រូវបង្ក្រាបនោះដែរ ដូច្នេះស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ សូមអំពាវនាវឲ្យប្រជាពលរដ្ឋ មេត្តាឈប់បើកល្បែងស៊ីសងខុសច្បាប់ ហើយគេចចេញឲ្យឆ្ងាយ ពីកន្លែងមានការបើកល្បែងខុសច្បាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង