សហរដ្ឋអាមេរិកបញ្ជូនកងទ័ព ៧៥០ នាក់ទៅកាន់មជ្ឈឹមបូព៌ាបន្ទាប់ពីការឡោមព័ទ្ធស្ថានទូតបាកដាដ – មន្ទីរបញ្ចកោណ
សារព័ត៌មាន Channelnewsasia បានផ្សាយថា សហរដ្ឋអាមេរិចបាននិយាយនៅថ្ងៃអង្គារម្សិលមិញថា ខ្លួនកំពុងបញ្ជូនទ័ពរាប់រយនាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ក្រោយពេលក្រុមអ្នកតវ៉ាដែលគាំទ្រអ៊ីរ៉ង បានធ្វើការសម្រុកទៅកាន់ស្ថានទូតរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់ ហើយក្រុមបាតុករបានដុតភ្លើង និងស្រែកថាប្រទេចផ្តាសសារឲ្យអាមេរិចវិនាស។
ការវាយប្រហារស្ថានទូតអាមេរិចដោយវ៉ូងអ្នកគាំទ្រអ៊ីរ៉ង បានកើតឡើង ក្រោយពេលអាមេរិច បានវាយប្រហារតាមដែនអាកាស ទៅលើមូលដ្ឋានរបស់ក្រុមកងកម្លាំងឈ្លប ដែលគាំទ្រដោយអ៊ីរ៉ង បណ្តាលឲ្យក្រុមនេះស្លាប់យ៉ាងតិច ២៥នាក់ និងរបួសជាង ៥០នាក់។ អាមេរិចចាត់ទុកក្រុមនោះជាក្រុមភេរវករ។
រដ្ឋមន្រ្តីការបរទេសអាមេរិច លោក Mike Pompeo បាននិយាយថា ការវាយប្រហារបានរៀបចំឡើងដោយក្រុមភេរវករ ដែលក្នុងចំណោមនោះមានម្នាក់ត្រូវបានលោកស្គាល់ឈ្មោះថា Abu Mahdi al-Muhandis។
សូមបញ្ជាក់ថា បន្ទាប់ពីមានការវាយប្រហារ តាមដែនអាកាសរបស់អាមេរិច កាលក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្រ្តីអ៊ីរាក់ លោក Adel Abdul Mahdi នៅថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការថ្កោលទោសអាមេរិច។
លោកបានចាត់ទុកការវាយប្រហាររបស់អាមេរិច ទៅលើកងកម្លាំងរបស់អ៊ីរ៉ាក់ថា ជាការវាយប្រហារដែលមិនអាចទទួលយកបាន ហើយវានឹងមានផលវិបាកដ៏គ្រោះថ្នាក់”។ នេះបើតាមការបញ្ជាក់របស់ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់។
ក្រសួងការបរទេសអ៊ីរ៉ាក់បាននិយាយថា ខ្លួននឹងធ្វើការកោះហៅឯកអគ្គរដ្ឋទូតអាមេរិចប្រឆាំងទីក្រុងបាដាដ ដើម្បីបញ្ជាក់ពីការមិនយល់ព្រមរបស់អ៊ីរ៉ាក់៕