ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ ជ្រើសរើសយករាជធានី ខេត្តចំនួន៤ ដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់សេវាដីធ្លីឡើងវិញ តាមការិយាល័យច្រកចេញចូលតែមួយ

121
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានី ខេត្តចំនួន៤ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ ដោយធានានូវការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែងាយ ស្រួលពិសេសបង្កើនចំណូលចូលថវិកាជាតិ។
  ក្នុងឱកាសជួយពិភាក្សាការងាររវាងអភិបាលរាជធានីភ្នំពេញនិងក្រុមការងារអន្តរក្រសួង ស្តីពីចុះសិក្សាទំរង់បែបបទ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២ ខែមករានេះ ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួងបានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានី ខេត្តចំនួន៤មាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធីផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញចូលតែមួយ។
   លោកបានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធីផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់ការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាពជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លីនៅតាមការិយាល័យច្រកចេញចូលតែមួយ មានភាពលំបាកស្មុគស្មាញដែលជាហេតុផ្តល់សេវាពុំសូវបានល្អ។
    ក្នុងកិច្ចប្រជុំនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍គាំទ្រចំពោះការកែទម្រង់លើការផ្តល់សេវាផ្នែកដែនដីនគរូបនីយកម្មនិងសំណង់នៅថ្នាក់រាជធានីខេត្តនេះថាក នឹងជួយដោះស្រាយការលំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យកាន់តែងាយស្រួលជាង មុនពោលគឺលឿនរហ័សនិងប្រកបដោយគុណភាព។
  បានអៈអាងថា កន្លងមកនេះប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លំាងលើការមកទទួលសេវាផ្នែកនេះនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួនក្នុងការផ្តល់សេវាមិន បានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋដែលជាអ្នកស្នើសុំ ដាក់ពាក្យពុំបានភ្ជាប់ជា មួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រលប់ទៅវិញហើយលក់ទៅឲ្យអ្នកដ៏ទៃច្រើន ដំណាក់កាល ឯកសារមានជាប់បណ្តឹង ខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម។
   សូមបញ្ជាក់ថា ចាប់ពីបើកដំណើរការការិយាល័យច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៧មកដល់ដំណាច់ឆ្នាំ២០១៩ ការិយាល័យនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋ បានចំនួនជាង៣១០០០សេវា ហើយទទួលបានទឹកប្រា០ក់ចូលថវិកាជាតិជាង៤៧៤៤លានរៀល៕
អត្ថបទដែលជាប់ទាក់ទង