បញ្ចប់តួនាទី ព្រះចៅអធិការវត្តគោកបញ្ជាន់ សេង ថង និងបណ្តេញចេញពីវត្ត ដោយសារលួចលក់ដីវត្ត
ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចប់មុខតំណែងភិក្ខុ សេង ថង ព្រះគ្រូចៅអធិការវត្តគោកបញ្ជាន់ និងឲ្យចាកចេញពីវត្ត ដោយនិមន្តទៅគង់នៅវត្តផ្សេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរងការចោទប្រកាន់ថា បានឃុបឃិតលួចលក់វត្ត។
យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ និងចុះព្រះហស្ដលេខាដោយសម្តេចពោធិវ័ង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការឯកភាពរបស់ លោក ហ៊ឹម ចែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គឺភិក្ខុ សេង ថង ត្រូវបាត់ដងតំណែង និងត្រូវបង្ខំឲ្យនិមន្តទៅគង់ឯវត្តជម្ពូរវ័ន្ត ។
នៅក្នុងសេចក្តីសម្រេច បានបញ្ជាក់ពីអង្គហេតុ និងមូលហេតុ នៃការដកដំណែងភិក្ខុ សេង ថង ពីចៅអធិការវត្តគោត្តមរង្សី (វត្ត គោកបញ្ជាន់) និងតំណែង ធម្មធរអនុគណ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភិក្ខុ សេង ថង ត្រូវនិមន្តចេញពីវត្ត គោត្តមរង្សី (វត្ត គោកបញ្ជាន់) ហើយឲ្យគង់នៅវត្តជម្ពូវ័ន វត្តព្រះគ្រូ អនុគណខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំពោះអាចារ្យ គណៈកម្មការវត្តគោត្តមរស្សី ត្រូវរៀបចំសមាសភាពថ្មីឡើងវិញ បន្ទាប់ពីការតែងតាំងព្រះចៅអធិការថ្មី។ ចំណែកមន្រ្តីសង្ឃសាលាគណរាជធានីភ្នំពេញ មន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ មន្រ្តីសង្ឃសាលាអនុគណខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវចុះធ្វើបញ្ជិសារពើភណ្ឌរបស់វត្តគោត្តមរង្សី ឲ្យបានមុនថ្ងៃដែលភិក្ខុ សេង ថង និមន្តចេញពីវត្ត។ អាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយរឿងបុគ្គលដទៃទៀង ដែលពាក់ព័ន្ធនឹងការលក់ដីវត្តគោត្តមរង្សី តាមនីតិវិធីច្បាប់ជាធរមាន ក្នុងគោលបំណងថែរក្សាឲ្យបាន នូវដីវត្តដេលជាសម្បត្តិគរុភណ្ឌសង្ឃ៕