ឧត្តមសេនីយ៍យោធារបស់កោះតៃវ៉ាន់ម្នាក់ ស្លាប់ដោយសារធ្លាក់ឧទ្ធម្ភាគចក្រ Blackhawk
ឧទ្ធម្ភាគចក្រយោធាប្រភេទ Blackhawk មួយគ្រឿង ដែលមានមនុស្ស ១៣ នាក់នៅលើនោះ ធ្លាក់នៅថ្ងៃព្រហស្បតិ៍ នៅលើភ្នំនៅខាងក្រៅទីក្រុងតៃប៉ិ របស់កោះតៃវ៉ាន់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបញ្ជាក់ពីមរណភាព របស់នាយឧត្តមសេនីយទ័ពអាកាស Shen Yi-min ប្រធានអគ្គសេនាធិការកងទ័ពកោះតៃវ៉ាន់។ មន្ត្រីកំពូលរូបនេះ បានស្លាប់នៅពេលយន្តហោះយោធា ធ្វើដំណើរទៅភាគខាងជើង នៃទីក្រុង Ilan បានធ្លាក់នៅលើភ្នំ។
យោងតាមរបាយការណ៍ដំបូង គឺយ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់បានរួចផុតពីសេចក្តីស្លាប់ ក្នុងឧប្បត្តិហេតុនេះ។ បើយោងតាមសារព័ត៌មាន China Daily បានចុះផ្សាយនៅក្នុងរបាយការណ៍ថា មានតែមនុស្ស ៥ នាក់ប៉ុណ្ណោះ ដែលត្រូវបានបញ្ជាក់ថាមានជីវិត។
ក្រសួងការពារជាតិក្រោយមក បានប្រកាសថា មានតែអ្នកនៅរស់ ៥ នាក់ប៉ុណ្ណោះ ដែលត្រូវបានរកឃើញ នៅក្នុងការធ្លាក់យន្តហោះនេះ ហើយបានបញ្ជាក់ទៀតថា ឧត្តមសេនីយ៍ Shen Yi-min បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ៕