ជនដៃដល់២នាក់ ចោទប្រកាន់យុវជនម្នាក់ថា ចរិតឌឺ ទាញកាំបិតផ្គាក់ កាប់ស្លាប់ភ្លាមៗ
កំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣មករា២០២០នេះ បានឲ្យដឹងថា ចោទប្រកាន់ថា “ចរិតឌឺ” ជនដៃដល់២នាក់ជិះម៉ូតូទាញកាំបិតផ្គាក់ កាប់យុវជនម្នាក់ស្លាប់ភ្លាមៗ នៅភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្ដសហការជាមួយ កម្លាំងអធិការស្រុកបង្រ្កាបបាន២នាក់ ដកហូតបានវត្ថុតាងកាំបិតផ្គាក់១ដើម។
ករណីឃាតកម្មកាលពីវេលាម៉ោង១៧និង៥៥នាទី នាថ្ងៃទី ១ មករា ២០២០ នៅផ្លូវ១៤៤០ ភូមិក្រាំងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បង្កឡើងដោយជនសង្ស័យ ២នាក់ជិះម៉ូតូមួយគ្រឿង កាប់ជនរងគ្រោះចំកញ្ចឹងក ពីក្រោយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
នគរបាលខេត្តកំពង់ស្ពឺ បានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ កិ ឆេម ហៅឆាង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាហ៊ុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ មុនកើតហេតុ តាមការឆ្លើយបញ្ជាក់ពីឈ្មោះ ផាន ខាវ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិជាមួយជនរងគ្រោះ បានឲ្យដឹងថា ខ្លួនបានមកធ្វើរោងការនៅភូមិសំបុរឈើ ឃុំស្គុះ ស្រុកសំរោងទង ដោយបានទូរស័ព្ទហៅជនរងគ្រោះឲ្យមកឌុបទៅផ្ទះវិញ ជិះម៉ូតូហុងដាសេ ១២៥ស៊េរី ២០១៧ ពណ៌ខ្មៅដោយជនរងគ្រោះឲ្យខ្ញុំ (ផាន ខាវ) ជាអ្នកឌុប ពេលធ្វើដំណើរដល់ចំណុចកើតហេតុ ស្រាប់តែមានជនល្មើស២នាក់ ជិះម៉ូតូ១គ្រឿង វ៉ាខាងឆ្វេងមកទន្ទឹម ម្នាក់ខាងក្រោយ
ទាញកាំបិតផ្គាក់កាប់ជនរងគ្រោះ ត្រូវផ្នែកកញ្ចឹងកខាងក្រោយ ធ្លាក់ពីលើម៉ូតូស្លាប់តែម្តង ។
ក្រោយហេតុការណ៍ដ៏រន្ធត់នេះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ ចុះសហការស្រាវជ្រាវ ករណីឃាតកម្មខាងលើជាបន្ទាន់ ធ្វើយ៉ាងណារកជនដៃដល់ យកមកផ្ដន្ទាទោសឲ្យខាងតែបាន។
យោងតាមការផ្ដល់ចម្លើយពីសាក្សីមួយចំនួន នៅកន្លែងកើតហេតុ ការិយាល័យជំនាញស្រុក.ខេត្ត កំណត់បានមុខសញ្ញាសង្ស័យចំនួន២នាក់ ដែលតាមការស្រាវជ្រាវ គឺជាមុខសញ្ញាក្មេងទំនើង និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន (ក្នុងបញ្ជីខ្មៅនគរបាលមូលដ្ឋាន) ជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ១.ឈ្មោះ ឆុន ថៃ ហៅប៉ាន់ ហៅតុ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង មុខរបរ មិនពិតប្រាកដ និង២.ឈ្មោះ គឹម សត្យា ហៅជេ ភេទប្រុសអាយុ ១៩ឆ្នាំនៅភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន អ្នកកាន់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះ។
តាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង ថា ជនសង្ស័យម្នាក់ ចំណោមបក្ខពួក២នាក់ បញ្ជាក់ថា ពិតជាបានធ្វើសកម្មភាព យកកាំបិតផ្គាក់កាប់ទៅលើ ជនរងគ្រោះប្រាកដមែន មូលហេតុមកពីជនរងគ្រោះ ជាមនុស្សធ្លាប់ឌឺឲ្យជនដៃដល់ (គឹម សត្យា) និងបានសារភាពថា ក្រោយកាប់រួច ខ្លួនបានយកកាំបិតទៅលាក់ទុកក្នុងគុម្ពព្រៃ បំបិតភស្ដុតាង ជាលទ្ធផលសមត្ថកិច្ច បាននាំជនសង្ស័យ ទៅយកវត្ថុតាងកាំបិតផ្គាក់ និងដកហូត ម៉ូតូហុងដា សេ១២៥ស៊េរី ២០១៩ ពណ៌ខ្មៅ មធ្យោបាយធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់៕