បង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគារបាក់រលំអគារ, រកឃើញជនរងគ្រោះចំនួន២៣នាក់ , ស្លាប់៥នាក់
កែប៖ ករណីបាក់រលំអគារនៅខេត្តកែប គិតត្រឹមម៉ោង៥ព្រឹក រកឃើញជនរងគ្រោះចំនួន២៣នាក់ ក្នុងនោះស្លាប់៥នាក់។ ពាក់ព័ន្ធករណីនេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
គណៈកម្មការធ្វើកោសល្យវិច័យអគាររលំនៅខេត្តកែប ដែលមានលោកទេព ធន រដ្ឋលេខាធិការ ជាប្រធាន និងលោកប៊ិន សម្បត្តិថារ័ត្ន អនុរដ្ឋលេខាធិការ ជាអនុប្រធាន រួមជាមួយនឹងសមាជិកចំនួនរូបទៀត ។ គណៈកម្មការធ្វើកោសល្យវិច័យអគារនេះ ធ្វើកោសល្យវិច័យអគាររបស់ឈ្មោះ ឯក សារុន និងប្រពន្ធឈ្មោះ ឈីវ សុធី ដែលបានបាក់រលំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ត្រួតពិនិត្យគុណសម្បត្តិរបស់អ្នកសាងសង់ ធ្វើរបាយការណ៍លទ្ធផលជូនក្រសួង បំពេញភារកិច្ចផ្សេងទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ជូន។
បើតាមរបាយការណ៍របស់មន្រ្តីនគរបាល បានឲ្យដឹងថា រហូតដល់ម៉ោង៥ព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ដែលកប់នៅក្នុងគំនរអគារកម្ពស់៧ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៥នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់។
សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី អញ្ជើញដល់មន្ទីរពេទ្យខេត្តកែប ដើម្បីសួរសុខទុក ជនរងគ្រោះ នាម៉ោង ១១ យប់ ថ្ងៃទី៣ ខែ មករា ឆ្នាំ ២០២០ នេះ ក្នុងករណីគ្រោះមហន្តរាយបាក់រលំអាគារកំពុងសាងសង់ នាខេត្តកែប។
នៅម៉ោង២និង២៥ នាទី ឈានដល់ព្រឹកថ្ងៃទី ៤ មករា ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងរង់ចាំក្រុមសង្រ្គោះបន្ទាន់ដែលកំពុងកាត់ផ្ទាំងបេតុង និងកាត់សសៃដែក ដើម្បីជួយសង្រ្គោះជីវិតបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានអគារកម្ពស់៧ជាន់ បាក់រលំសង្កត់កាលពីថ្ងៃទី ៣ មករា។ នៅកន្លែងដែលកំពុងគាស់កាយនេះ គឺមានឮសំឡេងអ្នករងគ្រោះស្រែកពីខាងក្នុង ដែលមានគ្នាចំនួន ៤ នាក់ នៅរស់រានមានជីវិតនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន មិនបានគិតពីការនឿយហត់សូម្បីបន្តិចណាឡើយ គឺខិតខំដើម្បីជួយសង្រ្គោះជីវិតបងប្អូន ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ករណីរលំបាក់អគារកម្ពស់៧ជាន់ថ្មីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់នៅក្នុងនេះ។ អគារនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០ភាគរយ ហើយដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។
ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។
នេះជាឧបទ្ទវហេតុរលំអគារលើកដំបូង ក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩ ក៏មានករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ កាលពីខែមិថុនា បណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់៕