ស្លាប់ក្មេង២នាក់ និងនៅរស់ម្នាក់ ករណីលិចទូកកណ្តាលទន្លេ
ព្រៃវែង៖យុវជនម្នាក់និងក្មេងប្រុសម្នាក់បានស្លាប់នៅពេលដែលពួកគេនាំគ្នាជិះទូកឆ្លងទន្លេហើយទូកបានលិចពេលទៅដល់កណ្តាលទន្លេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី២០មករានៅក្នុងដងទន្លេតូចក្នុងភូមិថ្មីឃុំស្តៅកោងស្រុកបាភ្នំខេត្តព្រៃវែង។
ជនរងគ្រោះទាំង២នាក់ទី១ឈ្មោះបូរស្មីអាយុ១២ឆ្នាំមានទីលំនៅក្នុងភូមិកើតហេតុទី២ឈ្មោះសេងប៊ុនឃាងអាយុ១៤ឆ្នាំមានទីលំនៅក្នុងរាជធានីភ្នំពេញ។
យោងតាមប្រភពពត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះគឺជាមិត្តភក្តិនិងគ្នា ហើយមុនពេលកើតហេតុ ពួកគេរួមជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ
ពន្លកម៉េងភេទប្រុសអាយុ១៥ឆ្នាំមានទីលំនៅឯរាជធានីភ្នំពេញបាននាំគ្នាជិះទូកពីត្រើយខាងជើងទន្លេតូចឆ្លងទៅត្រើយខាងត្បូងបំណងទៅលេងនៅទីនោះប៉ុន្តែពេលទៅដល់កណ្ដាលទន្លេ ស្រាប់តែទូកបានលិចធ្វើឲ្យជនរងគ្រោះទាំង២នាក់ដែលមិនចេះហែលទឹកបានលង់ទឹកស្លាប់ចំណែកជនរងគ្រោះពន្លកម៉េងចេះហែលទឹកបានខំប្រឹងហែលរហូតមកដល់ច្រាំងទើបបានរួចជីវិត ហើយបានរត់ទៅហៅអ្នកស្រុកអោយមកជួយមិត្តភក្តិដែលលង់ទឹកភ្លាមៗដែរប៉ុន្តែទម្រាំអ្នកស្រុកមកដល់ចុះរាវរកឃើញពួកគេបានឈ្លក់ស្លាប់បាត់ទៅហើយ៕