ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ​២០២០​នេះ​ គឺជា​ឆ្នាំ​ដែល​ត្រូវ​រឹត​​បន្តឹង​ច្បាប់​ចរាចរណ៍​

60

 

​ខេត្តកំពង់ស្ពឺ​ ៖​ នាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ បាន​ណែនាំ​មន្ដ្រី​នគរបាល​ចរាចរណ៍​ទាំងអស់​ ត្រូវ​បំពេញការងារ​ប្រកបដោយ​ក្រមសីលធម៌​ វិជ្ជាជីវៈ​ និង​ការ​ទទួលខុសត្រូវ​ខ្ពស់​ ហើយលោកថា ​ឆ្នាំ​២០២០​នេះ​ គឺជា​ឆ្នាំ​ដែល​ត្រូវ​រឹត​​បន្តឹង​ច្បាប់​ចរាចរណ៍​ ។​

ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ នៅ​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២០​នេះ​​លោកនាយ​ឧត្តមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ បានថ្លែង​ថា​ នៅ​ពេល​ចេញ​ទៅ​បំពេញការងារ​វិញ​ ត្រូវ​ខិតខំ​រៀបចំ​សន្ដិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ ស្រប​តាម​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ ក្នុង​នោះ​ត្រូវ​ផ្ដោត​សំខាន់​ទៅ​លើ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ ។​ “ចំណុច​នេះ​យើង​ត្រូវ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​ គឺ​ថ្ងៃនេះ​ ថ្ងៃស្អែក​ កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ហើយ​សម្ដេច​ក្រឡាហោម​ លោក​បាន​បន្ថែម​មួយទៀត​ គឺ​ឆ្នាំ​២០២០​នេះ​ គឺជា​ឆ្នាំ​នៃ​ការ​រឹត​បណ្ដឹង​អនុវត្ត​ច្បាប់​” ​អគ្គស្នងការ​រង​នគរបាល​ជាតិ​បាន​ថ្លែង​យ៉ាង​ដូច្នេះ។

នាយ​ឧត្តមសេនីយ៍​ បាន​កត់​សម្គាល់ថា​ ភារកិច្ច​ស្នួល​របស់​មន្ដ្រី​នគរបាល​ចរាចរណ៍​ គឺ​មាន​ពីរ​ រួម​មាន​ ទី​១៖​ រៀបចំ​សណ្ដាប់ធ្នាប់​ និង​ទី​២៖​ ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ ហើយលោកសង្ឃឹម​​ថា​ មន្ដ្រី​នគរបាល​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ នឹង​អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច​ របស់​ខ្លួន​ប្រកបដោយ​ក្រមសីលធម៌​ វិជ្ជាជីវៈ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ សំដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ។​

​​ យោង​តាម​របាយការណ៍​របស់​លោក ឧត្តមសេនីយ៍ឯក​ អ៊ុ​ អុ​ន​ អនុប្រធាន​សេនាធិការ​ និង​ជា​នាយក​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា​-​វៀតណាម​ បាន​ឲ្យ​ដឹង​ថា​ វគ្គ​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ នា​ពេល​នេះ​ មាន​សិក្ខាកាម​ សរុប​ចំនួន​៨៩​នាក់​ មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ និង​នាយកដ្ឋាន​-​អង្គភាព​ ចំនួន​២៣​ ។​ បើក​វគ្គ​បំប៉ន​ជំនាញ​ចរាចរណ៍​ផ្លូវគោក​ សិក្សា​រយៈពេល​៣​ខែ​ ចាប់​ដំណើរការ​ពី​ថ្ងៃ​ទី​២៨​ខែតុលា​ ឆ្នាំ​២០១៩​ ដល់​ថ្ងៃ​ទី​២២​ខែមករា​ ឆ្នាំ​២០២០​ ។​

សូមបបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៩​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​បាន​កើត​ចំនួន​ ៤.១២១​លើក​ សម្លាប់​មនុស្ស​ ១.៩៨១​នាក់​ និង​រង​របួស​ ៦.១៤១​នាក់​ ដែល​គិត​ជា​មធ្យមភាគ​ក្នុង​មួយ​ថ្ងៃ​ មាន​មនុស្ស​ស្លាប់​ ៥,៤​នាក់​។​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ ភាគច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែលមានតួលេខខ្ពស់ជាងគេ ​ស្លាប់​ ៣៤៨​នាក់​ ខេត្ត​ព្រះ​សីហ​នុ​ ស្លាប់​ ១៤៩​នាក់​ និង​ខេត្តកណ្តាល​ស្លាប់​ ១៤៣​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង