ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញសហការជាមួយ JICA បាននិងកំពុងដាក់បំពង់លូមេមួយខ្សែ នៅផ្លូវលេខ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ មានប្រវែងជាង៨០០ម៉ែត្រ

66

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ខណៈនេះ បាននិងកំពុងធ្វើសកម្មភាពដាក់បំពង់លូមេមួយខ្សែ នៅផ្លូវលេខ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាទឹកលិចក្នុងភូមិសាស្ត្រសង្កាត់ បឹងកក់ទី១និង បឹងកក់ទី២ ខណ្ឌទួលគោក។

  លោកដួង ចាន់សារ៉ាត ប្រធានអង្គភាពលូទឹក និងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅថ្ងៃទី២៧ មករានេះថា ការងារដាក់លូផ្លូវលេខ៣៣៧នេះ ជាគម្រោងការពារទឹកជំនន់ជំហាន៤របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដែលមានទំហំ២ ម៉ែត្រកន្លះជាប្រភេទលូ អក្សU ដើម្បីរំដោះទឹកចេញពីភូមិសាស្ត្រសង្កាត់ បឹងកក់ទី១និង បឹងកក់ទី២ ខណ្ឌទួលគោក។

   បណ្ដាញលូមេមួយខ្សែនេះបានដាក់នៅលើផ្លូវ៣៣៧ មានប្រវែង៨៧០ ដោយចាប់ផ្ដើមពីផ្លូវ៥២៨ដល់ផ្លូវ៥៩៨ ភ្ជាប់ទៅបណ្ដាញលូមួយខ្សែទៀតនៅលើបណ្ដោយផ្លូវ ១៩៥៨  ។ ការដ្ឋានដាក់លូមួយខ្សែនេះ បានចាប់ផ្ដើមបើកការដ្ឋាន កាលពីដើមឆ្នាំ២០១៩ ជាគម្រោងការពារទឹកជំនន់ជំហាន៤របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICAហើយគម្រោងនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ មានរយៈពេល៣ឆ្នាំ។

    គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA  គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង .២គីឡូម៉ែត្រ។ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង .៤គីឡូម៉ែត្រ។ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC

តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕

 

  

អត្ថបទដែលជាប់ទាក់ទង