ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី នៅលើ​ជនជាតិ​ចិន​ម្នាក់ នៅ​កម្ពុជា

84

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានប្រកាសក្នុង​សន្និសីទកាសែត នៅព្រលប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ថា វិទ្យាស្ថាន Pasteur ទើបតែបាន​បញ្ជាក់នៅរសៀលម៉ោង ៣ ថ្ងៃនេះថា បុរសជនជាតិចិនម្នាក់ អាយុ ៦០ឆ្នាំ ដែលបានធ្វើដំណើរមក​ពី​ទីក្រុងវូហាន ​ចូល​មក​ខេត្ត​ព្រះសីហនុ ក្នុងប្រទេស​កម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មានផ្ទុកមេរោគរលាកសួត កូរ៉ូណា វីរុស ប្រភេទថ្មី។ បុរសជនជាតិចិននេះ ធ្វើដំណើរ​មក​កាន់ខេត្តព្រះសីហនុ ជា​មួយក្រុម​គ្រួសារ ៣នាក់ទៀត ខណៈដែល​សមាជិកគ្រួសារគាត់ ៣នាក់នេះ មិនមានរោគសញ្ញា​ជំងឺ​រលាក​សួតថ្មីនោះទេ​។

បុរសជនជាតិចិននេះ នៅពេលមកដល់​ក្រុងព្រះសីហនុ​ នាថ្ងៃទី​២៣​ មករា​ ចេញ​រោគសញ្ញា​ នាថ្ងៃទី​២៥​ មករា​ (គ្រុនក្តៅ​ ហៀរសំបោរ)​ ហើយយកវត្ថុវិភាគ នៅថ្ងៃទី២៦​ ខែមករា​ និង​លទ្ធផល​វិជ្ជមាន នា​ថ្ងៃទី២៧​ មករា​ ដោយ​វិទ្យស្ថាន​ ប៉ាស្ទ័រ។​ វិធានការ​របស់ក្រុមគ្រូពេទ្យ គឺដាក់គាត់ ក្នុងបន្ទប់​ដោយ​ឡែក នៅមន្ទីរពេទ្យខេត្តពព្រះសីហនុ​​ ហើយ​ដាក់អ្នកប៉ះពាល់ទាំងអស់ ដែលជាសមាជិកគ្រួសារ​គាត់ ៣នាក់​ នៅ​តាមដានសុខភាព​ បាញ់សម្លាប់​មេរោគនៅ​កន្លែងគាត់ស្នាក់នៅ​។

លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបញ្ជាក់ថា បុរសជនជាតិចិននេះ នៅសម្រាកព្យាបាលក្នុង​ប្រទេស​​កម្ពុជា​យើង រហូតដល់ជាសះស្បើយ ទើបឲ្យគាត់ធ្វើដំណើរ​ចាកចេញពីកម្ពុជា។​

គិតត្រឹម​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ ​នៅ​ប្រទេស​ចិន អ្នកស្លាប់ដោយជំងឺរលាកសួត កូរ៉ូណា វីរុស ប្រភេទថ្មីនេះ បាន​កើន​ដល់ ៨០​នាក់ រីឯ​អ្នក​ឆ្លង​វិ​រុស​ដ៏​សាហាវ​នេះ កើន​លើស ២៧០០​ករណី​ហើយ​។ ក្នុងនោះ ប្រទេសជាង ១០ផ្សេងទៀត ក៏កើតមានជំងឺរលាកសួត កូរ៉ូណា វីរុស ដូចជា នៅថៃ និងវៀតណាម ជាដើម។

​ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា នៅលើ​ជនជាតិ​ចិន​ម្នាក់ ដែល​ចាក​ចេញពី​ប្រទេស​ចិន ចូលមក​កាន់​ប្រទេស​កម្ពុជា​។

​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ បាន​នឹង​កំពុង​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ​។​គួរបញ្ជាក់​ថា​ករណី​ជំងឺឆ្លង​ខាងលើនេះ​គេ​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ពាក់ព័ន្ធ​ករណីនេះ​ខាង​ក្រសួងសុខាភិបាល បាន​ទាក់ទង​ទៅខាង​ស្ថានទូត​ចិន​រួចហើយ ព្រមទាំង​សន្យាថា​នឹង​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​ទើប​ឲ្យ​ត្រឡប់​ទៅវិញ​៕

  


អត្ថបទដែលជាប់ទាក់ទង