ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារនានានៅក្នុងរាជធានីភ្នំពេញ ប្រឈមនឹងការដកតំណែង បើ បណ្តែតបណ្តោយអោយមានល្បែងស៊ីសង នៅតាមផ្សារ

85
ភ្នំពេញ៖ អភិបាលនៃអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំនិងជំរុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ ប៉ុស្តិ៍ ត្រូវទប់ស្កាត់ឲ្យបាននូវបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ពិសេសលោកប្រធានផ្សារនានានៅក្នុងរាជធានីភ្នំពេញ បើបណ្ដោយអោយមានល្បែងស៊ីសងនៅក្នុងផ្សារ លោកប្រធានផ្សារនឹងប្រឈមនឹងការដកតំណែងចេញតែម្តង ។
   ការជំរុញនិងដាក់ចេញជាវិធានការ បែបនេះ របស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ខែ កុម្ភៈឆ្នាំ២០២០ ក្នុងឱកាសដែល លោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ ។
  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ប៉ុស្តិ៍រដ្ឋបាលមិនមែនជាមេរបស់ចៅសង្កាត់នោះទេ តែជាថ្នាក់ក្រោមរបស់ចៅសង្កាត់ ដូច្នេះត្រូវតែស្ដាប់ ការណែនាំពីលោកចៅសង្កាត់ ពិសេសត្រូវទប់ស្កាត់ឲ្យបាននូវបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនពិសេសគឺ បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ។ពាក់ព័ន្ធនិងបញ្ហានេះដែរ ប្រធានផ្សារនៅក្នុងរាជធានីភ្នំពេញទាំងអស់ បើសិនជានៅតែបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងនៅក្នុងផ្សារ ពិសេសល្បែងកន្ទុយលេខ ប្រធានផ្សារត្រូវប្រឈមនឹងការដកតំណែងទោះបីជាថ្ងៃសៅរ៍ឬថ្ងៃអាទិត្យក៏ដោយ ក៏លោកសញ្ញេ
ដកតំណែងពីប្រធានផ្សារបានដែរ។
   ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានលើកឡើងពីការកោតសរសើរ ចំពោះអាជ្ញាធរ ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចមូលដ្ឋានផងដែរ ដែលបង្ការនិងទប់ស្កាត់បាននូវបទល្មើសផ្សេងៗពិសេស បទល្មើសចោរឆក់នៅតាមដងផ្លូវសាធារណៈ ដែលកាត់បន្ថយបានយ៉ាងច្រើនពីការរិះគន់ពីសំណាក់មជ្ឈដ្ឋាននានា។
   លោកឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ បន្តធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាន នូវបទល្មើសទាំងនេះឲ្យកាន់តែល្អបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិអន្តរជាតិទុកចិត្តមកលើរាជរដ្ឋាភិបាលនិងបញ្ជាក់ឲ្យឃើញថារាជធានីភ្នំពេញមានសន្តិសុខសុវត្ថិភាពល្អ ដើម្បីទាក់ទាញភ្ញៀវជាតិអន្តរជាតិមកដើរលេងកម្សាន្តក៏ដូចជា មករកស៊ីនៅរាជធានីភ្នំពេញកាន់តែច្រើនឡើង។
   គួរបញ្ជាក់ថា សម្រាប់មន្ត្រីដែលបម្រើការងារនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌដូនពេញដែលបានប្រកាសឲ្យបំរើការងារជាផ្លូវការណ៍នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ មានចំនួន២៨៧រូប ៕
អត្ថបទដែលជាប់ទាក់ទង