អំពាវនាវទៅដល់អាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីធ្វើការបង្ក្រាបបទល្មើសគ្រប់ទម្រង់
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំលទ្ធផលស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃការិយាល័យទំនាក់ទំនងព្រំដែន (BLO)ចំនួន១៤ ក្នុងខេត្តចំនួន១១ ឆ្នាំ២០១៩ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវទៅដល់អាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីធ្វើការបង្ក្រាបបទល្មើសគ្រប់ទម្រង់ជាពិសេស ធ្វើឲ្យព្រំដែនមានសន្ដិភាព និងការអភិវឌ្ឍ។
បើតាមនាយឧត្តមសេនីយ៍ កិច្ចប្រជុំនេះមានគោលបំណង បង្កើតឲ្យមានយន្តការដើម្បីត្រួតពិនិត្យការចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារភាគី។ បង្កើតឲ្យមានក្រុមការងារប្រចាំការ ដើម្បីសម្របសម្រួលការងារជាមួយ ស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធនៃប្រទេសជាប់ព្រំដែន។ ចាត់តាំងឲ្យមានមន្ត្រីទទួលខុសត្រូវ ក្នុងការទទួលព័ត៌មាន និងឆ្លើយតបការផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក។
លោកមានប្រសាសន៍ថា “ខេត្តត្រឡប់ទៅវិញប្រជុំដឹកនាំក្នុងឋានៈជាប្រធាន ក្នុងការដឹកនាំកិច្ចប្រជុំការងាររួមបង្កើតជាចលនាមួយឲ្យស្រុះគ្នា ហើយបានផលប្រយោជន៍រួម ដើម្បីទប់ស្កាត់រាល់បទល្មើគ្រប់ទម្រង់ មិនមែនត្រឹមតែបទល្មើសគ្រឿងញៀនទេ”។
ដោយឡែក លោកឧត្តមសេនីយ៍ទោ ហេង ច័ន្ទដារ៉ា អនុប្រធាននាយកដ្ឋានច្បាប់នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការិយាល័យ BLOs ខ្លះមានស្ថានភាពប្រកបដោយសន្ដិភាព ហើយក៏មាន ទីតាំងការិយាល័យ BLOs ខ្លះមានស្ថានភាពពិបាកខ្លាំង។ ជាពិសេស ការិយាល័យ BLOs មានភ្លើងអគ្គិសនី ប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធទូរស័ព្ទ៣G ដើម្បីប្រើប្រាស់ជាប្រចាំ។ ជាងនេះទៅទៀត ការិយាល័យ BLOs មានស្លាក សញ្ញាសម្គាល់នៃការិយាល័យ BLO ដែលឧបត្ថម្ភដោយ អង្គការ UNODC។
លោក ឧត្តមសេនីយ៍ទោ អះអាងថា មានខេត្ត និងអភិបាលខេត្តមួយចំនួន មិនយកចិត្តទុកដាក់ទៅលើទីតាំង ការិយាល័យ BLO ព្រមទាំងមិនជួយឧបត្ថម្ភថវិកាទៅដល់ការិយាល័យ BLO ។ លោកបន្តថា ក្រោយពីទទួលបាន សេចក្ដីសម្រេច ពីការកែសម្រួលសមាសភាព តួនាទី និងភារកិច្ចការិយាល័យ BLO ពីលោក ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនមក ថ្នាក់ខេត្ត និងសមាជិក BLO ទាំងអស់យល់ច្បាស់អំពីតួនាទី និងភារកិច្ចរៀងៗខ្លួន។
សូមជម្រាបថា ការិយាល័យទំនាក់ទំនងព្រំដែន (BLO) មាន១៩មានទីតាំង នៅខេត្តចំនួន១៣ តាមបណ្ដាខេត្តជាប់ព្រំដែន ដូចជា៖កម្ពុជា-ថៃ ,កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម។ ការិយាល័យ BLO មានភារកិច្ចសហការ ជាមួយខេត្តប្រទេសជាប់ព្រំដែន ដើម្បីផ្ដល់ព័ត៌មានឲ្យគ្នា ទៅវិញទៅមកដើម្បីទប់ស្កាត់ បង្ក្រាបការចរាចរគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗផងដែរ ជាពិសេស ការិយាល័យ BLO សម្របសម្រួលការងារពាក់ព័ន្ធ ភូមិ ឃុំ សង្កាត់ គ្មានគ្រឿងញៀន នៅតាមព្រំដែន ជាដើម៕