ប្រព័ន្ធអនុគ្រោះពន្ធEBA ៖គណៈកម្មការអឺរ៉ុប សម្រេចដកការអនុគ្រោះពន្ធ«ជាបណ្ដោះអាសន្ន» ពីកម្ពុជាលើទំនិញចំនួន៤០ប្រភេទ
ភ្នំពេញ៖ សេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបនៅក្នុងសំណុំរឿងEBA ត្រូវបានប្រកាសជាផ្លូវការហើយនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១២ខែកុម្ភៈនេះ។តាមរយៈឯកសារកម្រាស់១៦ទំព័រគណៈកម្មការអឺរ៉ុបសម្រេចដកការអនុគ្រោះពន្ធ«ជាបណ្ដោះអាសន្ន» ពីកម្ពុជាលើទំនិញចំនួន៤០ប្រភេទដែលភាគច្រើនជាសម្លៀកបំពាក់។ផលិតផលទាំងអស់នេះនាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃសរុបប្រមាណ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នឆ្នាំ។
សហភាពអឺរ៉ុបនៅថ្ងៃពុធទី១២កុម្ភៈនេះបានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនៅកម្ពុជា «គ្រប់មុខទំនិញលើកលែងសព្វាវុធ»ឬEverything But Arms (EBA) មួយផ្នែកទៅលើមុខទំនិញមួយចំនួនដែលការណ៍នេះនឹងប៉ះពាល់ទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិកនៃការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប។
បើតាមសេចក្តីសម្រេច ការព្យួរនេះនឹងប៉ះពាល់ផលិតផលស្បែកជើងនិងសម្លៀកបំពាក់មួយចំនួន។ហើយទំនិញសម្រាប់ធ្វើដំណើរនិងស្ករត្រូវបានសម្រេចព្យួរទាំងស្រុង។សេចក្តីសម្រេចបញ្ជាក់ទៀតថាការព្យួរបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ ១១០០លានដុល្លារជារៀងរាល់ឆ្នាំ ដែលស្មើប្រមាណ២០ភាគរយនៃទំហំទឹកប្រាក់នៃការនាំចេញសរុបពីកម្ពុជា ដែលមានតម្លៃប្រមាណ ៥៨០០លានដុល្លារអាមេរិក។
សេចក្តីសម្រេចបញ្ជាក់ថាប្រសិនបើគ្មានការជំទាស់ពីសភាអឺរ៉ុបនិងក្រុមប្រឹក្សានៅពេលខាងមុខ ការព្យួរនេះនឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២០។
សេចក្តីសម្រេចបញ្ជាក់ទៀតថាគណៈកម្មការសហភាពអឺរ៉ុបនឹងបន្តតាមដានស្ថានភាពសិទ្ធិស៊ីវិលសិទ្ធិនយោបាយការងារដីធ្លីនិងផ្ទះសម្បែងផងដែរនៅកម្ពុជា។គណៈកម្មការអាចនឹងធ្វើវិសោធនកម្មសេចក្តីសម្រេចព្យួរនេះប្រសិនបើស្ថានភាពទាំងនេះមានភាពល្អប្រសើរនៅកម្ពុជា។
កម្ពុជាទទួលបានឋានៈអនុគ្រោះពន្ធEBA តាំងពីឆ្នាំ២០០១មកម្ល៉េះ។
យោងតាមរបាយការណ៍របស់សហភាពអឺរ៉ុបការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបក្នុងឆ្នាំ២០១៨ មានទំហំប្រមាណ៥,៨ពាន់លានដុល្លារដែលក្នុងនោះផលិតផលសម្លៀកបំពាក់ មានជាង ៧៣,៤ភាគរយនៃការនាំចេញស្បែកជើងប្រមាណ១២,៧ភាគរយកង់៥,៧ភាគរយនិងអង្ករ ៣ភាគរយ៕