រថយន្តកាមរី ហាយប្រ៊ីត ពន្លះរថយន្ត រ៉ូលរ៉ូយ របស់លោកឧកញ្ញ៉ា ឌួង ឆាយ
ភ្នំពេញ ៖ រថយន្តស៊េរីទំនើប រ៉ូលរ៉ូយ របស់លោកឧកញ្ញ៉ា ឌួង ឆាយ បានរងការខូចខាតទ្វាខាងស្ដាំ បន្ទាប់ពីត្រូវបាន រថយន្ត កាមរីហាយប្រ៊ីត បើកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង ១និង២០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុបBS
តាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមរបាយការណ៍របស់នគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AY.1549 និងរថយន្តរ៉រ៉ូយ ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឧកញ៉ា ឌួង ឆាយ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូង គេឃើញរថយន្តកាមរី ហាយប្រ៊ីត បើកដោយបុរសម្នាក់ និងរួមដំណើរ ស្រីប្រុស៤នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើប រ៉ូលរ៉ូយ បើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្សទិសដៅពីជើងមកត្បូង បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្ត រ៉ូលរ៉ូយក្រពិតទ្វារខាងស្តាំ យ៉ាងដំណំ ចំណែកឯរថយន្ត ហាយប្រ៊ីតរងការខូចខាតផ្នែកខាងមុខក្រពិតបន្តិចបន្តួច តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
ម្ចាស់រថយន្តម៉ាក កាមរីហាយប្រ៊ីត បានលុតចង្គុងសំពះសុំទោសលោកឧកញ្ញ៉ា ឌួង ឆាយ ដើម្បីឲ្យអធ្យាស្រ័យ តែលោកឧកញ្ញ៉ា មិនបានលើកលែងឲ្យនោះទេ ដោយសារតែម្ចាស់រថយន្តកាមរីហាយប្រ៊ីត បើកបរព្រហើនពេក ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងភ្នំពេញ មកវាស់វែងយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ តាមនីតិវិធី៕