អង្គការសុខភាពពិភពលោក អរគុណសម្តេចតេជោ ដែលអនុញ្ញាតឲ្យនាវាWesterdam ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ
ភ្នំពេញ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃ ១២ ខែកុម្ភៈ ឆ្នាំ២០២០ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជាជាពិសេសនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន សែន ចំពោះការអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលសំចតនៅកំពង់ផែ ក្រុងព្រះសីហនុ ។
តំណាងអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាជាកាយវិការបង្ហាញពីសាមគ្គីភាព ខណៈពិភពលោកកំពុងជួបវិបត្តិ។
ចំណែកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrck Murphy បានថ្លែងសារលើបណ្តាញសង្គមធ្វីតធឺ ដោយបានអរគុណចំពោះអាជ្ញាធរកម្ពុជា ដែលបានផ្តល់ការអនុញ្ញាតឱ្យនាវា Westerdam ចូលសំចតនៅខេត្តព្រះសីហនុ ដើម្បីភ្ញៀវទេសចរ ដែលក្នុងនោះមានពលរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា នាវាដឹកភ្ញៀវទេសចរនោះ ត្រូវបានគេរកឃើញថា មិនមានអ្នកណាម្នាក់ មានផ្ទុកមេរោគ Covid 19 នោះទេ ហើយយើងសូមថ្លែងនូវការកោតសរសើរចំពោះការផ្តល់ជំនួយរបស់អាជ្ញាធរកម្ពុជា ។
កប៉ាល់ទេសចរកម្សាន្តHolland America’s MS Westerdam នឹងចូលចតនៅកំពង់ផែព្រះសីហនុនៅព្រឹកថ្ងៃទី១៣កុម្ភៈនេះ។
មន្រ្តីម្នាក់នៃកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានអះអាងថា កប៉ាល់ទេសចរណ៍ MS Westerdam បានមកដល់កៀកនឹងកំពង់ផែក្រុងព្រះសីហនុ (មើលឃើញ) កំពុងទាក់ទងចូលតាមវិទ្យុទាក់ទង (អាកូម)។
កប៉ាល់នឹងចូលចតនៅព្រឹកថ្ងៃទី១៣កុម្ភៈនេះអំឡុងម៉ោង៧ជាង។
កប៉ាល់ឈ្មោះHolland America’s MS Westerdamមានដឹកទេសចរចំនួន ១.៤៥៥ នាក់ និងអ្នកបម្រើការលើនាវា៨០២នាក់ត្រូវបានប្រទេសយ៉ាងតិចចំនួន៣ បដិសេធ មិនឲ្យចូល ព្រោះខ្លាចជំងឹកូរ៉ូណា Covid-19 តែត្រូវរដ្ឋាភិបាលប្រទេស យើងអនុញ្ញាតឲ្យចូលចតដោយឈរលើមូលដ្ឋានមនុស្សធម៌ ៕