ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី គឺជាការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដើម្បីបំរើសេវាអោយនៅកៀកជិតប្រជាពលរដ្ឋ

95
ភ្នំពេញ៖ ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី គឺជាការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិអោយនៅកៀកជិតប្រជាពលរដ្ឋ ។
  នេះជាប្រសាសន៍លើកឡើងរបស់ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យ​ដាក់ដំណើរការរចនាសម្ព័ន្ធរដ្ឋថ្មីនៃរដ្ឋបាលខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី១៣ កុម្ភៈ ២០២០ នៅសាលាខណ្ឌទួលគោក។
   លោកហួត ហៃ បានមានប្រសាសន៍អោយដឹងថា៖  ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងកំពង់ឆ្នាំង នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធានឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។
   លោកហួត ហៃ បានបញ្ជាក់បន្ថែមថា ការធ្វើកំណែទម្រង់វិមជ្ឈការ ទាំងវិមជ្ឈការផ្នែកនយោបាយ វិមជ្ឈការផ្នែករដ្ឋបាល និងវិមជ្ឈការហិរញ្ញវត្ថុ គឺពិតជាមានភាពសាំញ៉ាំ ស្មុគស្មាញ និងរសើបបំផុត ដោយសារតែកំណែទម្រង់ទាំងនេះនាំមកនូវការផ្លាស់ប្តូរផ្នត់គំនិត បែបផែន និងរបៀបរបបបំពេញ ការងារ របស់មន្រ្តី រាជការសាធារណៈនៅគ្រប់លំដាប់ថ្នាក់ ព្រមទាំងការបែងចែកមុខងារ និងការទទួលខុសត្រូវរវាងរដ្ឋបាល សាធារណៈនៅតាមថ្នាក់នីមួយៗ អាស្រ័យលើសមត្ថភាពនៃរដ្ឋបាលនីមួយៗ ។ ដើម្បីគាំទ្រ និងជំរុញការអនុវត្តកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ រយៈពេល១០ឆ្នាំ (២០១០-២០២០) គិតរហូតមកដល់ពេលនេះ យើងបានរួមសហការគ្នារៀបចំ និងអនុវត្តកម្មវិធីជាតិនេះអស់រយៈពេល០៩ឆ្នាំហើយ ដោយសម្រេចបានសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ រួមមានជាអាទិ៍៖១).ការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ២).ការរៀបចំប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ៣). ការបង្កើតមូលនិធិឃុំ សង្កាត់ និងក្រុង ស្រុក រួមទាំងការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ៤). ការរៀបចំប្រព័ន្ធកសាង ផែនការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ និង៥). ការកែសម្រួលរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមទាំងការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ។
   លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថា សម្រាប់គម្រោងអភិវឌ្ឍមូលដ្ឋាននៅក្នុងខណ្ឌទួលគោកសម្រាប់ឆ្នាំ២០១៩ យើងបានអនុវត្តរួចរាល់បាន១០០ ភាគរយ ។ចំពោះ គម្រោងស្ថាបនាផ្លូវ០៧ខ្សែ ដាក់លូ ១១ខ្សែ ក៏បានបញ្ចប់ ១០០% ដែរ ។ ចំពោះការរៀបចំសណ្ដាប់ធ្នាប់និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋវិញ គណៈបញ្ជាការឯកភាពខណ្ឌគោក បានផ្សព្វផ្សាយទប់ស្កាត់បទល្មើសផ្សេងៗ និងបានបើកវេទិកាសាធារណៈចំនួន ១២០ លើក ដែលមានអ្នកចូលរួមជាង ៦ពាន់នាក់ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដែលជាតំបន់ស្មុគស្មាញបានចំនួន២៥៧ លើកនិងបានធ្វើកិច្ចសន្យាជាមួយម្ចាស់ផ្ទះដែលបានរំលោភយកចិញ្ចើមផ្លូវបានចំនួន២៨០០ករណី ។គណៈបញ្ជាការឯកភាពខណ្ឌបានឈរជើងនៅតំបន់ស្មុគស្មាញមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងបានធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបានចំនួន២៩០ លើក។
     គួរបញ្ជាក់ថា សម្រាប់មន្ត្រីដែលបម្រើការងារនៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលខណ្ឌទួលគោកដែលបានប្រកាសឲ្យបំរើការងារជាផ្លូវការណ៍នាព្រឹកថ្ងៃទី១៣ខែកុម្ភៈនេះ មានចំនួន២៧៦រូប ៕
អត្ថបទដែលជាប់ទាក់ទង