អ្នកដំណើរតាមនាវា WESTERDAM ពុំមានផ្ទុកមេរោគ Covid-19
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់សុខភាពអ្នកដំណើរតាមនាវាខ្នាតធំវេស្ទឺដាមដែលនៅសេសសល់នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមសេចក្តីប្រកាស អំពីបច្ចុប្បន្នភាពចុងក្រោយបង្អស់អំពីសុខភាព អ្នកដំណើរតាមនាវា WESTERDAM នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លទ្ធផលនៃការពិនិត្យសុខភាពអ្នកដំណើរតាមនាវា Westerdam ចំនួន១៥៨០នាក់ ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ បានបង្ហាញថា អវិជ្ជមាន ទាំងអស់។
ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ព្រមទាំងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តការប្រុងប្រយ័ត្ន និងធ្វើអនាម័យជាស្តង់ដារ ដើម្បីកាត់បន្ថយការប៉ះពាល់ និងកការចម្លងជំងឺមួយចំនួន៕