រដ្ឋបាលរាជធានី ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតីនិងមិនច្រួលច្របល់តាមពាក្យចចាមអារ៉ាម ពាក់ព័ន្ធវីរុស Covid-19
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតីនិងមិនច្រួលច្របល់តាមពាក្យចចាមអារ៉ាម ពាក់ព័ន្ធវីរុសCovid-19 ខណៈដែរ នៅក្នុងព្រះរាជាណាចក្រកម្ពុជាពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់បានឆ្លងវីរុសនេះនៅឡើយ ហើយ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ មានបងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានសម្រុកទៅទិញទំនិញតុទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃដែលជាហេតុធ្វើឲ្យជនឱកាសនិយមជាឆ្លៀតដំឡើងថ្លៃទំនិញ ។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញនៅល្ងាច ថ្ងៃសុក្រទី១៣កើតខែផល្គុន ត្រូវនឹងថ្ងៃទី០៦ ខែមិនាឆ្នាំ ២០២០នេះ ដែលក្នុង សេចក្តីជូនដំណឹងនេះមានន័យទាំងស្រុងថា ៖ រដ្ឋបាលរាជធានីភ្នំពេញសូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់អោយបានជ្រាបថា បច្ចុប្បន្ននេះ ជំងឺកូរ៉ូណាថ្មី ឬ Covid-19 កំពុងរាតត្បាតនៅទូទាំងពិភពលោក ។ ដោយឡែក នៅក្នុងព្រះរាជាណាចក្រកម្ពុជាពុំមានប្រជាពលរដ្ឋខ្មែរណាម្នាក់បានឆ្លងវីរុសនេះនៅឡើយទេ។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាលក៏កំពុងត្រៀមលក្ខណៈទប់ស្កាត់ការចម្លងនិងការរីករាលដាលនៃ វីរុស កូរ៉ូណាថ្មី ឬ Covid-19 ប្រភេទថ្មីនេះដែរ ។
រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានសម្រុកទៅទិញទំនិញតុទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃដែលជាហេតុធ្វើឲ្យជនឱកាសនិយមជាឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបម្រុងនៅក្នុងរាជធានីភ្នំពេញពុំបានប្រឈមនឹងការខ្វះខាតនោះទេ។ លើសពីនេះទៅទៀតដូចបងប្អូនប្រជាពលរដ្ឋ ជ្រាបស្រាប់ហើយថាព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាពយើងបានផលិតស្បៀង លើសពីការបម្រុងរហូតដល់នាំចេញទៅបរទេសថែមទៀត។
ដូច្នេះទេដើម្បីរក្សាសណ្ដាប់ធ្នាប់ ស្ថិរភាព
ទំនិញនិងជៀសវាង ជនឱកាសនិយមឆ្លៀតដំឡើងថ្លៃផលិតផលស្បៀង រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ប្រកបមុខរបរចិញ្ចឹមជីវិតដូចប្រក្រតីនិងមិនច្រួលច្របល់តាមពាក្យចចាមអារ៉ាម ហើយអនុវត្តតាមវិធីបង្ការដែលណែនាំដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមទុកជាមុនថា បងប្អូនប្រជាពលរដ្ឋនឹងយល់ពីស្ថានភាពជាក់ស្ដែងហើយចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕