ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ដួលសន្លប់នៅមន្ទីរពេទ្យរុស្ស៊ី​ ​ ចេញមុខបដិសេធថា មិនពាក់ព័ន្ធនឹងជំ​ងឺ​ឆ្លង​កូ​វីដ​១៩នោះទេ

69

ភ្នំពេញ៖ មានព័ត៌មានមួយចំនួនបានផ្សាយករណីបុរសម្នាក់ដួលសន្លប់នៅមន្ទីរពេទ្យរុស្ស៊ី ថាពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ១៩។ ករណីនេះជនរងគ្រោះឈ្មោះ ដែន ផល្លី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះមានជាតិស្ករចុះខ្សោយ ហើយគ្មានកម្លាំងកំហែង ក៏ដួលសន្លប់តែម្ដង។

ជនរងគ្រោះឈ្មោះ ដែន ផល្លី បានចេញវីដេអូមួយជម្រាបដល់សាធារណជនថា “ខ្ញុំពិតជាសោកស្តាយចំពោះការផ្សាយព័ត៌មានបែបនេះ ដែលធ្វើឲ្យមានភាពមិនប្រក្រតី ចលាចលនៅក្នុងសង្គមយើង ខណៈពេលដែលកូវីដ១៩កំពុងវាយប្រហារ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំពិតជាដួលសន្លប់ពិតមែន ដោយសារកាលពីយប់មិញ ខ្ញុំបានបញ្ជូនមកពេទ្យរុស្ស៊ី ដើម្បីមកពិនិត្យសុខភាពផ្ទាល់ខ្លួន ហើយខ្ញុំមកតែម្នាក់ឯង ហើយបងប្អូននៅខេត្តបន្ទាយមានជ័យ និងមានការហត់នឿយ និងមិនបានបរិភោគអ្វីច្រើនទេ ទើបធ្វើឲ្យខ្ញុំអស់កម្លាំង ល្ហិតល្ហៃ ខ្សោយ និងដួលសន្លប់ ហើយឥឡូវនេះ លោកគ្រូពេទ្យបានជួយសង្រ្គោះរូបខ្ញុំរួចហើយ និងមានសុខភាពប្រក្រតីឡើងវិញ ហើយសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភថាខ្ញុំមានជំងឺកូវីដ១៩ “។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០នេះ តាមរយៈបណ្ដាញព័ត៌មានថា ករណីបុរសម្នាក់ដួលសន្លប់នៅមន្ទីរពេទ្យ​រុ​ស្ស៊ី គឺពិតជាមានមែន កាលពីយប់​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ម្សិលមិញ ប៉ុន្ដែមិនមែនជាករណីកូវីដ១៩នោះទេ​ ពោលជនរងគ្រោះខ្សោយកម្លាំង​ ​ហើយពេលដួលនោះទៀតសោត​ ខ្លួនកំពុងដើរទៅរកគ្រូពេទ្យដើ​ម្បី​ឲ្យ​ជួយពិ​និត្យ​សុ​ខភាព។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដែន ផល្លី អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះមានជាតិស្ករចុះខ្សោយ ហើយគ្មានកម្លាំងកំហែង ក៏ដួលសន្លប់តែម្ដង។ ប៉ុន្ដែភ្លាមនោះ មានជនឆ្លៀត ឱកាសថតរូបគាត់ដួល និងយកទៅបង្ហោះចែកចាយតែម្ដង។

លោក ម៉េត មាសភក្ដី ក៏បានស្នើសុំដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook កុំបន្ដចែកចាយនូវព័ត៌មានដែលមិនពិត និងគ្មានប្រភពច្បាស់លាស់ អាចនាំឲ្យមានការយល់ច្រឡំពីសំណាក់ពលរដ្ឋផ្សេងទៀត ហើយឈានទៅការចលាចលនាំគ្នាសម្រុកទិញទំនិញ គ្រឿងបរិភោគផ្សេងៗ ចំណាយថវិកាច្រើន។ លោកថា អ្វីដែលត្រូវធ្វើសំខាន់បំផុតនោះ គឺអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ដើម្បីកាន់តែលម្អិត និងឲ្យមហាជនកាន់តែម្ចាស់នោះ សាមីខ្លួនដែលបានដួលសន្លប់ ក្រោយភ្ញាក់ដឹងខ្លួនឡើងវិញ បានចេញមកបកស្រាយការពិត និងសម្ដែងការសោកស្ដាយចំពោះព័ត៌មានដែលបានចែកចាយថា គាត់ដួលសន្លប់ដោយសារជំងឺកូវីដ ដែលបង្កឲ្យមានការភាន់ច្រឡំ។ គាត់បញ្ជាក់ថា មូលហេតុដែលនាំឲ្យលោកដួលសន្លប់ ក៏ព្រោះតែខ្សោយកម្លាំងហើយមកពិនិត្យសុខភាពតែម្នាក់ឯង។

លោក ដែន ផល្លី ក៏បានអះអាងទៀតថា រហូតមកដល់ពេលនេះ លោកមានសុខភាពល្អធម្មតាឡើងវិញហើយ ក្រោយទទួលបានការជួយសង្គ្រោះ និងមើលថែពីគ្រូពេទ្យជំនាញ។ លោកក៏ស្នើឲ្យមហាជនចូលរួមទប់ស្កាត់ការចែកចាយព័ត៌មានក្លែង ដើម្បីធ្វើឲ្យមានការភ័ន្ដច្រឡំ ខណៈជំងឺកូវីដ១៩ កំពុងវាយប្រហារពិភពលោក៕


អត្ថបទដែលជាប់ទាក់ទង