ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“សមយុទ្ធនាគមាសឆ្នាំ២០២០” នឹងធ្វើឡើងដូចការគ្រោងទុក!

64

លោកនាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃ ទី៨មីនាបានថ្លែងថា សមយុទ្ធនាគមាសឆ្នាំ២០២០ដែលប្រារព្ធរួមគ្នារវាងកងយោធពលខេមរភូមិន្ទកម្ពុជានិងកងទ័ពរំដោះប្រជាជនចិនក្រោមប្រធានបទរួមគ្នាប្រឆាំងភេរវកម្មនិងការងារមនុស្សធម៌កម្ពុជាចិននឹងធ្វើឡើងតាមការគ្រោងទុកចាប់ពីថ្ងៃទី១៤ខែមីនាដល់ថ្ងៃទី១ខែមេសាឆ្នាំ២០២០នៅលាហ្វឹកហ្វឺនតេជោសែនជុំគិរីនៃកងពលតូចលេខ៧០ស្រុកជុំគិរីខេត្តកំពត។

លោកបន្តថាសមយុទ្ធនាគមាសលើកទី៤នេះនឹងមានកម្លាំងចូលរួមជាង៣ពាន់នាក់ដែលក្នុងនោះភាគីចិនមានកងទ័ពចូលរួមសរុប២៦៥នាក់ចំណែកភាគីកម្ពុជាមានកម្លាំងចូលរួម២៨៧១នាក់។គ្រឿងយុទ្ធភណ្ឌសម្រាប់បំពាក់ឱ្យសមយុទ្ធនេះមានឧទ្ធម្ភាចក្រកាំភ្លើងធំរថក្រោះរថពាសដែកកាំភ្លើងត្បាលអាវុធធុនស្រាលនិងបរិក្ខាយោធាមួយចំនួនទៀតជាដើម។

សមយុទ្ធនាគមាសឆ្នាំ២០២០នៅតែបន្តផ្តោតសំខាន់លើការប្រឆាំងភេវរកម្មនិងការងារមនុស្សធម៌ដែលជាឱកាសសម្រាប់កងទ័ពប្រទេសទាំង២កម្ពុជាចិនបន្តសិក្សារៀនសូត្រដកបទពិសោធន៍ទៅវិញទៅមកដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈក្នុងជួយសង្រ្គោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយការរក្សាសន្តិភាពក៏ដូចជាសម្រាប់ការបំពេញភារកិច្ចការពារជាតិកាន់តែមានប្រសិទ្ធភាពនិងខ្លាំងក្លាថែមទៀត។

នាយឧត្តមសេនីយ៍បានថ្លែងថាសមយុទ្ធនាគមាសបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាពទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជាចិនឱ្យកាន់តែរឹងមាំជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះប្រជាជនចិនខណៈដែលមិត្តភាពជាដែកថែបរឹងមាំជាងដំណាក់កាលណាៗទាំងអស់របស់ប្រទេសទាំងពីរត្រូវបានកើតឡើងក្នុងដំណាក់កាលដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជានិងលោកស៊ីជីនពីងប្រធានាធបិតីនៃសាធារណរដ្ឋប្រជាមានិតចិន។

នេះជាលើកទី៤ហើយដែលកងទ័ពកម្ពុជាចិនធ្វើលំហាត់នាគមាសរួមគ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយលើកទី១ធ្វើឡើងនៅឆ្នាំ២០១៦និងលើកទី២នៅឆ្នាំ២០១៨លើកទី៣នៅឆ្នាំ២០១៩។ចំណែកលទ្ធភាពនៃការធ្វើសមយុទ្ធក៏កាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទដែលជាប់ទាក់ទង