សម្តេចតេជោ បញ្ជាឲ្យបិទកាស៊ីណូទាំងអស់ នៅទូទាំងប្រទេស
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងជំងឺ COVID-19 សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបិទកាស៊ីណូទាំងអស់ ទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ រហូតមានបទបញ្ជាថ្មី ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះនៅវិមានរដ្ឋសភា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មូលហេតុដែលសម្ដេចទុករយៈពេលប៉ុន្មានថ្ងៃ ទើបសម្រេចឲ្យបិទជាបណ្ដោះអាសន្នកាស៊ីណូនៅទាំងប្រទេស គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ម្ចាស់កាស៊ីណូ រៀបចំបើកប្រាក់ខែតាមការកំណត់ជូនបុគ្គលិកទាំងអស់របស់ខ្លួន។ ក្នុងអំឡុងពេលបិទជាបណ្ដោះអាសន្ននេះ រដ្ឋមិនយកពន្ធលើអាជីវកម្មនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចេញបទបញ្ជាបិទកាស៊ីណូទាំងអស់ចាប់ពីម៉ោង២៣និង៥៩នាទីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០តទៅ។ ហេតុអ្វីបានជាយើងត្រូវទុកពេលទៅដល់ថ្ងៃទី១ ខែមេសា មិនចូលជាធរមាននៅយប់នេះតែម្ដង បញ្ហាមិនស្ថិតនៅត្រង់អ្នកលេងល្បែងទេ ស្ថិតនៅត្រង់បញ្ហាថៅកែកាស៊ីណូត្រូវដោះស្រាយចំពោះកម្មកររបស់ពួកគេយ៉ាងណា ព្រោះប្រសិនបើបិទភ្លាមថៅកែកាស៊ីណូទៅបាត់ អ៊ីចឹងអ្នកណាទទួលខុសត្រូវបញ្ហាបុគ្គលិក កម្មករ ដែលត្រូវព្យួរការងារអំពីការបិទនេះ។
ចំំណែកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏បានចេញសេចក្តីប្រកាសព័ត៌មានដោយបានដាក់ចេញនូវវិធានការមួយចំនួនដូចជា ក្រុមហ៊ុនកាស៊ីណូទាំងអស់ ត្រូវបញ្ឈប់សកម្មភាពអាជីវកម្មរបស់ខ្លួន ជាបណ្តោះអាសន្ន ចាប់ពីម៉ោង២៤ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ចំពោះកាតព្វកិច្ចចំណូលប្រចាំខែ ត្រូវបានលើកលែងចាប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ តទៅ រហូតដល់ថ្ងៃអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មរឡើងវិញ ក្នុងករណីអនុវត្តផ្ទុយពីការណែនាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការតាមច្បាប់ជាធរមាន។