បុរសម្នាក់ បង្កការបាញ់បោះសេរីជិត១០គ្រាប់ នៅម្តុំអតីតបឹងកក់ ត្រូវនគរបាលចាប់ខ្លួន
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២០ បានចេញផ្សាយព័ត៌មានមួយថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បុរសម្នាក់ ដែលបង្កការបាញ់បោះ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២២និង១០នាទី នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ច នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចាប់ខ្លួនបានហើយ និងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ អនុវត្តបន្តតាមនីតិវីធីច្បាប់ ។
សូមបញ្ជាក់ថា មានរថយន្តចំនួន៣គ្រឿងបានឈប់នៅមុខមាត់ច្រកបឹងកក់ បន្ទាប់មកក៏មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេបានដើរចូលមកខាងក្នុងម្តុំអតីតបឹងកក់តាមបណ្តោយផ្លូវបេតុងកែងផ្លូវR6 នៅចំណុចរ៉ារទះភ្លើងបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានជាដកកាំភ្លើងខ្លីបាញ់សំដៅទៅលើស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ ប៉ុន្តែសំណាងល្អពេលបាញ់រះជាង១០គ្រាប់នោះមិនត្រូវស្ត្រីនោះឡើយ គ្រាន់តែធ្វើឲ្យនាងភ័យសន្លប់ ត្រូវបានអ្នកជិតខាងនាំគ្នាជួយធ្វើចលនាឱ្យ ទើបនាងដឹងខ្លួនវិញ ចំណែកខ្មាន់កាំភ្លើងរត់គេចខ្លួនបាត់ ។
រថយន្តចំនួន៣គ្រឿង ក្នុងនោះរួមមាន១-រថយន្តម៉ាកព្រូស, ២-រថយន្តម៉ាកកាមរីបាឡែន និង៣-រថយន្តម៉ាកឡិចស៊ីសRX330 រួមនឹងម៉ូតូចំនួន២គ្រឿងទៀត ។
សមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានមកដល់ទីតាំងកើតហេតុ ស្រាវជ្រាវរកឃើញសម្បកគ្រាប់ចំនួន៦គ្រាប់ ដែលនៅជុំវិញកន្លែងកើតហេតុ៕