ដោះលែង អ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ ១៩
ភ្នំពេញ៖ អ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ ១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំបទល្មើសបច្ចេកវិទ្យា ដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីធ្វើកិច្ចសន្យាបញ្ឈប់ផុសលក់ផលិតផលទាំងឡាយណាដែលច្បាប់ហាមឃាត់
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វើតេស្តរកវីរុសកូវីដ ១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលសមត្ថកិច្ចតាមបណ្តាខណ្ឌបានធ្វើការឃាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ យកមកធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ផុសលក់ផលិតផលទាំងឡាយណាដែលច្បាប់ហាមឃាត់ និងបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហើយនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ។
មនុស្សទាំង៦នាក់ បានសារភាពកំហុសដែលខ្លួនបានធ្វើផ្ទុយពីច្បាប់ហាមឃាត់ និងសន្យាមិនផុសលក់ផលិតផលអ្វី ដែលច្បាប់ហាមឃាត់ទៀតឡើយ ជាពិសេសគ្រាន់តែយករូបក្នុងអ៊ីនធឺណិតមកផុស ជាក់ស្តែងមិនទាន់មានផលិតផលលក់នៅឡើយទេ ៕