ព្រំប្រទល់ស្រុកកៀនស្វាយ និងក្រុងភ្នំពេញ លើផ្លូវជាតិលេខ១ ត្រូវបានបិទ
ភ្នំពេញ៖ បើតាមការផ្សព្វផ្សាយរបស់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយផ្នែកសន្តិសុខ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ មេសា ២០២០
គោលដៅ ព្រំប្រទល់ស្រុកកៀនស្វាយ និងក្រុងភ្នំពេញ លើផ្លូវជាតិលេខ១ ត្រូវបានបិទ។
បើតាមសេចក្តីរាយការណ៍ផ្សាយផ្ទាល់ពីបុគ្គលិកគេហទំព័រ CEN នៅគោលដៅនោះ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់នូវជំងឺឆ្លងកូវីដ (Covdi 19) និងយោងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល កម្លាំងសមត្ថកិច្ចបិទផ្លូវជាតិលេខ១ ត្រង់ចំណុចព្រុំប្រទល់ខណ្ឌច្បារអំពៅ និងខេត្តកណ្តាល ចំពោះបងប្អូនធ្វើដំណើរ ពីខេត្តមួយទៅខេត្តមួយ ប៉ុន្តែចំពោះបងប្អូនប្រកបមុខរបរ ធ្វើចរាចរណ៍ជាធម្មតា គិតត្រឹមនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាបន្ទាន់ឲ្យអាជ្ញាធរ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បិទការធ្វើដំណើរក្នុងប្រទេស ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្ត និងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយទៀត រហូតដល់ពីស្រុកមួយ ទៅស្រុកមួយ ។ បទបញ្ជានេះមានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោង ២៤:០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤:០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
បទបញ្ជារបស់រាជរដ្ឋាភិបាល ចេញនៅថ្ងៃទី៩ មេសា បានបញ្ជាក់ថា “ហាមឃាត់ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស រួមមានការធ្វើដំណើរឆ្លងកាត់ចេញ-ចូលរាជធានីភ្នំពេញ (ដោយមិនប៉ះពាល់ដល់ការធ្វើដំណើរផ្ទៃប្រទេស ក្នុងរាជធានីភ្នំពេញនោះទេ) ការធ្វើដំណើរឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ និងការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត” ។ ដែលអនុវត្តន៍ចាប់ពីម៉ោង ២៤ យប់ថ្ងៃទី ៩ នេះដល់ថ្ងៃទី ១៦ ខែមេសា គឺមិនឲ្យរថយន្ត ចេញតែម្តង។
ទោះបីជាយ៉ាងណា ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
។ រថយន្ត និងមធ្យោបាយធ្វើដំណើរ របស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវ បង្ហាញដល់កងកម្លាំងមានសមត្ថកិច្ច ត្រួតពិនិត្យនូវអត្តសញ្ញាណប័ណ្ណការងាររបស់ខ្លួន។ រថយន្ត និងមធ្យោបាយធ្វើដំណើរ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន។ រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។ រថយន្តពន្លត់អគ្គិភ័យ។ រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។ ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារ នៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារ ទៅកាន់មន្ត្រីរាជរដ្ឋាភិបាលថា “ខ្ញុំសូមស្នើឲ្យមានគោលការណ៍ ដែលដឹកនាំដោយសម្តេចក្រឡាហោម ពាក់ព័ន្ធនឹងរឿងសំខាន់គឺថា មានបងប្អូនកម្មករមួយចំនួន ហាក់ដូចជាមិនយល់ស្រប អ៊ីចឹងខ្ញុំចង់ចេញបទបញ្ជា តាមរបៀបមួយគឺថា ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅកាន់ខេត្តមួយ គិតចាប់ពីថ្ងៃទី ១២ មិនអ៊ីចឹងទេ គឺថាកម្មកររបស់យើងនឹងធ្វើដំណើរ មិនព្រមស្តាប់បង្គាប់” ៕