កិច្ចប្រជុំសភាដើម្បីពិភាក្សា និងអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៦នៅព្រឹកថ្ងៃសុក្រ៣រោចខែចេត្រឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវថ្ងៃទី១០ខែមេសាឆ្នាំ២០២០វេលាម៉ោង៨:០០នាទីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន១១៥រូប។
នៅព្រឹកថ្ងៃទី១០ខែមេសាឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងអញ្ជើញចូលរួមកិច្ចប្រជុំសភាដើម្បីពិភាក្សានិងអនុម័តលើ«សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាព្រមទាំងមានការចូលរួមពីឯកឧត្តមកើតរិទ្ធរដ្ឋមន្ត្រីថ្មីនៃក្រសួងយុត្តិធម៌ដែលនឹងដឹកនាំមន្ត្រីរបស់ខ្លួនដើម្បីការពារសេចក្តីព្រាងច្បាប់មួយនេះនៅចំពោះមុខសមាជិកសមាជិការដ្ឋសភាផងដែរ។
សម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៦នាព្រឹកនេះនឹងធ្វើការពិភាក្សានិងអនុម័តទៅលើរបៀបវារៈចំនួន៣ដូចជា៖
១– ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកជំទាវនូសុវណ្ណនីជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ
២– ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
៣– ការបោះឆ្នោតជ្រើសតាំង៖ឯកឧត្តមឡូយសុផាតជាសមាជិកគណៈកម្មការផែនការវិនិយោគកសិកម្មអភិវឌ្ឍន៍ជនបទបរិស្ថាននិងធនធានទឹក ឯកឧត្តមស៊ូភិរិន្ទជាសមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្ម។