ឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលឆក់ខ្សែក ពីនារីម្នាក់បណ្តាលឲ្យដួលបោកក្បាលស្លាប់
ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃសហការជាមួយស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋានខណ្ឌបឹងកេងកងនិងខណ្ឌមានជ័យបានបើកការស្រាវជ្រាវមុខសញ្ញាឆក់ដែលបណ្តាលមានស្ត្រីម្នាក់ដួលបោកក្បាលស្លាប់នៅលើស្ពានអាកាសស្ទឹងមានជ័យកន្លងទៅថ្មីៗនេះ
ក្រោយពេលសមត្ថកិច្ចបើកការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពដែលនៅជុំវិញក្បែរកន្លែងកើតហេតុនៅវេលាម៉ោង៦រសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០២០សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់នៅចំនុចផ្លូវបេតុងភូមិទ្រាសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានរួមមាន ៖
ទី១.ឈ្មោះ ឡាយ ពេជ្យបញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ, ទី២ ឈ្មោះ ធា រ៉ាបី ភេទប្រុស អាយុ ២០ឆ្នាំ, ទី៣ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ២០ឆ្នាំ និងទី៤ឈ្មោះ ស៊ុន ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ នៅចំណុចភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីធ្វើការសាកសួរបឋម ជនសង្ស័យឈ្មោះ ឡាយ ពេជ្យបញ្ញា, ឈ្មោះ ធា រ៉ាបី និងឈ្មោះ សុខ ឡេង បានសារភាពថាពួកខ្លួន និងបក្សពួកឈ្មោះ ទ្រី, ឈ្មោះ តូ និងឈ្មោះ រ័ត្ន (ពៅ) កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ នៅទីតាំងកើតហេតុខាងលើ ពួកខ្លួនពិតជាបានធ្វើសកម្មភាពវាយជនរងគ្រោះឈ្មោះ តាន់ ឡាយហួត បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។ ដោយឡែក ឈ្មោះ ឡាយ ពេជ្យបញ្ញា ក៏បានសារភាពទៀតថា ក្រៅពីករណីខាងលើ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ខ្លួន, ឈ្មោះ រ័ត្ន (ពៅ), ឈ្មោះ ឌីន និងឈ្មោះ វីន ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះឈ្មោះ ហុង សុខចេង រួចមកជនរងគ្រោះបានជិះម៉ូតូដេញតាម ទើបជ្រុលទៅបុករទេះអេតចាយបណ្តាលឲ្យដួលស្លាប់នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ។
បច្ចុប្បន្នការិយាល័យ កំពុងតែបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកជនសង្ស័យខាងលើ មកផ្តន្ទាទោសទៅតាមនីតិវិធីច្បាប់ ៕