ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នឹងប្រកាសនៅថ្ងៃទី១១សីហា ហើយប្រកាសលទ្ធផលផ្លូវការនៅថ្ងៃ១៥ សីហា

208

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្នពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះបានបង្ហាញថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានចំនួន៦.៨៨៥.៧២៩លាននាក់ ស្មើនឹង៨២,១៧%គិតត្រឹមម៉ោង១៧ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការសរុបព្រឹត្តិការណ៍ទូទៅ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ប្រសិនជាគ្មានការបោះឆ្នោតជាថ្មី។ ដោយឡែកលទ្ធផលផ្លូវការ ក៏នឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ផងដែរ។

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះរួម​មាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងពាក់ព័ន្ធនានា តំណាងគណបក្សនយោបាយ​ តំណាងអង្គការ មិនមែនរដ្ឋាភិបាលជាតិ និង​អន្តរជាតិ តំណាងស្ថានទូតជប៉ុន ជំនាញការJICA និង​ជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ ផងដែរ។

លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ចំពោះលទ្ធផលបណ្តោះអាសន្ន គ.ជ.បនឹងផ្សព្វផ្សាយ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ករណីគ្មានការបោះឆ្នោតសារជាថ្មី។ រីឯលទ្ធផលផ្លូវការ នឹងផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ករណីគ្មានការបោះឆ្នោត សារជាថ្មី។

បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុននឹងឈានដល់ការប្រកាសលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការខាងមុខនេះ គ.ជ.បក៏នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនេះមុនផងដែរ។ លទ្ធផលបឋម ត្រូវផ្សាយចេញ ​ចាប់ពីម៉ោង៧៖០០ នាទី រហូតដល់ម៉ោង១៖០០នាទី រំលងអធ្រាត្រនាយប់នេះ។ ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវប្រកាសលទ្ធផលបឋមរួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទូរទស្សន៍ Online គ.ជ.ប វិទ្យុ Online គ.ជ.ប គេហទំព័រគ.ជ.ប និង Facebook របស់គ.ជ.ប ។

ខាងក្រោមលទ្ធផលបណ្តោះអាសន្នពី គ.ជ.ប៖

អត្ថបទដែលជាប់ទាក់ទង