ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ចំនួនអ្នកចេញទៅបោះឆ្នោតជិត៧លាននាក់ ស្មើនឹង ៨២ ,១៧ ភាគរយ សម្លាប់យុទ្ធនាការម្រាមដៃស្អាត របស់ក្រុមប្រឆាំង

86

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានធ្វើឡើង ចាប់ពីម៉ោង ៧ ព្រឹក រហូតដល់ម៉ោង ៣ រសៀល នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ការិយាល័យបោះឆ្នោតសរុប ២២៩៦៧ ការិយាល័យ នៅទូទាំងប្រទេស បានបើកទ្វារដំណើរការបោះឆ្នោតទាំងអស់ តាមពេលវេលាកំណត់។

ក្រោយបិទបញ្ចប់ការបោះឆ្នោតនៅម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា នៅក្នុងសន្និសីទកាសែត លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានប្រកាសថា ចំនួនអ្នកចេញទៅបោះឆ្នោត នៅទូទាំងប្រទេស នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨អ្នកចេញទៅបោះឆ្នោត មានចំនួន ៦.៨៨៥.៧២៩ នាក់ ស្មើនឹង ៨២,១៧% នៃចំនួនអ្នកបោះឆ្នោតសរុប ៨.៣៨០.២១៧ នាក់។

ក្នុងនោះលោក ស៊ិក ប៊ុនហុក ប្រកាសថា ជាជោគជ័យនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា។ចំពោះសភាពការណ៍ទូទៅនៃការបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៩កក្កដានេះ ត្រូវបានលោក ស៊ិក ប៊ុនហុក ប្រកាសថា ដំណើរការបោះឆ្នោត នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សា និងមិនមានការគំរាមកំហែងណាមួយ កើតឡើងទេ។ រីឯអ្នកបោះឆ្នោត បានទៅបោះឆ្នោត ដោយមានទឹកមុខរីករាយ។
រីឯក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មកពីជាង ៥០ ប្រទេស បានប្រកាសពីការវាយតម្លៃរបស់ខ្លួន លើការបោះឆ្នោត កាលពីព្រលប់ថ្ងៃទី២៩កក្កដា គឺតែប៉ុន្មានម៉ោងក្រោយការបោះឆ្នោតថា អ្វីៗទាំងអស់ គឺគ.ជ.ប រៀបចំការបោះឆ្នោត ដោយបើកចំហរ មិនមានការរារាំង រីឯប្រជាពលរដ្ឋខ្មែរ បានចេញទៅបោះឆ្នោត ដោយគ្មានការភ័យខ្លាច ឬទទួលរងការគំរាមកំហែងនោះទេ។
សូមរម្លឹកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ គ.ជ.ប បានប្រកាសថា ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានចំនួន ៩.៨៧៥.៤៥៣ នាក់។ រីឯអ្នកបានទៅបោះឆ្នោត មានចំនួន ៦.៧៣៥.២៥៥ នាក់ ស្មើនឹង ៦៩,៧១%។
ដូច្នេះអត្រាអ្នកចេញទៅបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនច្រើនជាងចំនួនអ្នកចេញទៅបោះឆ្នោត កាលពីឆ្នាំ២០១៣។
វត្តមានរបស់អ្នកបោះឆ្នោតដ៏ច្រើន នៅថ្ងៃអាទិត្យ ទី២៩កក្កដានេះ បានបញ្ចប់យុទ្ធនាការក្រៅប្រទេសរបស់ក្រុមអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបានធ្វើយុទ្ធនាការម្រាមដៃស្អាត ដោយអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដេកផ្ទះ កុំចេញទៅបោះឆ្នោត។
ក៏ប៉ុន្តែមិនដូចការដេកយល់សុបិន្តទាំងថ្ងៃរបស់ក្រុមអតីតគណបក្សប្រឆាំងនេះឯណា! ប្រជាពលរដ្ឋខ្មែរដល់ទៅជាង ៨០% បានចេញទៅបោះឆ្នោត ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ស្របតាមលទ្ធិប្រជាធិបតេយ្យ ក្នុងការដឹកនាំប្រទេសក្នុងរយៈពេល ៥ ឆ្នាំ បន្តទៀត។
ប្រជាពលរដ្ឋអ្នកចេញទៅបោះឆ្នោត នៅថ្ងៃអាទិត្យនេះ ជាអ្នកស្រឡាញ់សន្តិភាព និងចង់បានការអភិវឌ្ឍន៍ប្រទេស ដោយមិនស្តាប់តាមការញុះញង់របស់ក្រុមអតីតគណបក្សប្រឆាំងសោះឡើយ។
សរុបមក ប្រជាជនកម្ពុជា ពិសេសអ្នកនៅក្នុងស្រុក ដែលជាអ្នកបោះឆ្នោត បានផ្តល់សេចក្តីទុកចិត្ត តាមរយៈសន្លឹកឆ្នោតរបស់ខ្លួន បន្តឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស ក្នុងរយៈពេល ៥ឆ្នាំតទៅទៀត ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេស៕
ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង