ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ចេញសេចក្តីប្រកាសលទ្ធផលចុងក្រោយអ្នកបោះឆ្នោតចំនួន៨២,១៧% និងមានការិយាល័យខ្លះបិទមុនម៉ោង

204


ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ប្រជាពលរដ្ឋបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ មាន៨២,១៧%។

គ.ជ.ប បានបញ្ជាក់ថា បន្ទាប់ពីបិទបញ្ចប់ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានប្រកាសថា ប្រជាពលរដ្ឋកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នេះ មានចំនួន ៦.៨៨៥.៧២៩នាក់ ស្នើនឹង៨២,១៧% នៃចំនួនអ្នកមានឈ្មើក្នុងបញ្ជីបោះឆ្នោត សរុប ៨.៣៨០.២១៧នាក់។

ទោះបីជាមានការរំខានដោយទឹកជំនន់ ប៉ុន្តែការិយាល័យបោះឆ្នោតទាំង ២២.៩៦៧ការិយាល័យ នៅទូទាំងប្រទេសបានដំណើរការជាធម្មតា ដោយការិយាល័យមួយចំនួនបានប្តូរទីតាំង ទៅទីទួល ដែលមានចម្ងាយមិនឆ្ងាយពីការិយាល័យចាស់។ ចំពោះការិយាល័យដែលមិនអាចផ្តល់សម្ភារៈបាន ដោយសារផ្លូវលិចទឹកដូចជានៅខេត្តក្រចេះ និងមណ្ឌលគិរី គ.ជ.ប បានប្រើឧទ្ធម្ភាគចក្រ និងដំរី ដើម្បីដឹកសម្ភារៈបម្រើឲ្យការបោះឆ្នោត ទៅកាន់ការិយាល័យទាំងនោះ។

លោកប្រធានគ.ជ.ប បានថ្លែងថា ដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅដោយប្រក្រតី មិនមានការរំខាន់អ្វីទេ ទាំងសុវត្ថិភាព ទាំងសន្តិសុន ទាំងទឹកចិត្តរីករាយរបស់អ្នកបោះឆ្នោតម្នាក់ៗ ។ មានការិយាល័យមួយចំនួនបានបិទមុនម៉ោង៣ ដោយសារអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៃការិយាល័យនោះបានមកបោះឆ្នោតអស់ និងការិយាល័យភាគច្រើន បិទនៅម៉ោង៣។

បើគ្មានពាក្យបណ្តឹងទេ គ.ជ.ប នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ហើយនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង