ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម ព្រមទាំងបងប្អូនប្រជាពលរដ្ឋបង្កើតសហគមន៍អ្នកចិញ្ចឹមត្រី
ព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធរួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋបង្កើតសហគមន៍អ្នកចិញ្ចឹមត្រី ដើម្បីងាយស្រួលក្នុងការតតាំងជាមួយឈ្មួញ សម្រាប់កំណត់តម្លៃលក់ត្រី។
ថ្លែងក្នុងការអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនិងផែនការអភិវឌ្ឍន៍ នៃការធ្វើវារីវប្បកម្មនៅកម្ពុជា នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបរបស់រដ្ឋបាលជលផល ដែលមានទីតាំងស្ថិត នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីបញ្ហារបស់ប្រជា កសិករចិញ្ចឹមត្រីលើបញ្ហាតម្លៃត្រីថោកនៅពេលទទួលផល ត្រង់ចំណុចនេះ សម្ដេចតេជោបានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធគួរបង្កើតឱ្យមានសហគមន៍អ្នកចិញ្ចឹមត្រី ដើម្បីធ្វើការតវ៉ាជាមួយឈ្មួញទិញត្រី។ សម្ដេចតេជោបានបញ្ជាក់ថា បើសិនប្រជាកសិករលក់ត្រីដោយខ្លួនឯងនោះឈ្មួញពិបាកឱ្យតម្លៃព្រោះអ្នកខ្លះលក់ថ្លៃ អ្នកខ្លះថោកដែលធ្វើឱ្យឈ្មួញពិបាក ចូលទិញ ដូច្នេះគួរបង្កើតសហគមន៍ មួយដើម្បីលក់ត្រីមានភាពងាយស្រួល។ សម្តេចតេជោបានលើកឡើងថា ការចឹញ្ចឹមត្រីទទួលបានផលច្រើនជាងការធ្វើស្រែ ដោយមានការចំណេញច្រើនគួរសម ដោយធ្វើការលើផ្ទៃដីប្រហាក់ប្រហែលគ្នា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឱ្យសមត្ថកិច្ចដែលចុះចាប់បង្រ្កាបបទល្មើសជលផលខុសច្បាប់ដោយប្រើប្រាស់ស្បៃ អួនដាក់ត្រី មិនត្រូវចាប់យកស្បៃទៅដុតចោលដូចមុនទៀតទេ គឺត្រូវទុកស្បៃទាំងនោះឱ្យប្រជាកសិករ អ្នកចឹញ្ចឹមត្រី យកទៅ បាំងត្រីក្នុងស្រះដែលលិចទឹក។ សម្តេចតេជោបានថ្លែងថា “ពេលនេះខ្ញុំស្នើសុំឱ្យសមត្ថកិច្ចដែលចាប់បានស្បែ អួនដែលជនល្មើសយកទៅដាក់ចាប់ត្រីខុសច្បាប់ដោយកុំដុតចោលដូចមុនទៀត ដោយទុកយកមកឱ្យប្រជាកសិករអ្នកចឹញ្ចឹមត្រីនៅពេលទឹកលិចស្រះរបស់ពូកគាត់វិញ”។
សម្តេចតេជោបន្ថែមថា ការទុកស្បៃនេះចំណេញច្រើនជាង ព្រោះនៅពេលយកស្បៃនេះមកឱ្យប្រជាកសិករមិនសូវចំណាយលុយច្រើនក្នុងការទិញស្បៃមកបាំងឃាត់មិនឱ្យចេញពីស្រះនៅពេលរដូវទឹកលិចស្រះ៕