ទំនាស់ពាក្យសំដី ប្អូនថ្លៃវាយសម្លាប់បងថ្លៃ
បាត់ដំបង៖ កាលពីថ្ងៃ ចន្ទ ទី១៣ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី នៅក្នុងក្រុមទី១៣ ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីឃាដកម្ម មួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ហៀប យាន ភេទប្រុសអាយុ ៤៧ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ ជាប្អូនថ្លៃបានយកដំបងជ្រុងវាយទៅលើជនរងគ្រោះឈ្មោះអ៊ឹង ងួនហាន ភេទប្រុស អាយុ៤១ឆ្នាំ ដែលត្រូវជាបងថ្លៃ រហូតបណ្តាលឲ្យស្លាប់នៅនឹងកន្លែងក្បែរផ្ទះរបស់ជនរងគ្រោះ។
នៅពេលកើតហេតុភ្លាមៗ និងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានអនុវត្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ហៀប យ៉ាន បានភ្លាមៗ ដើម្បីមកធ្វើការស្រាវជ្រាវ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា មូលហេតុខ្លួនវាយសម្លាប់ជនរងគ្រោះជាបងថ្លៃ គឺផ្តើមឡើងពីទំនាស់ពាក្យសំដីជាមួយគ្នា។
ជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕