ដោះស្រាយបញ្ហាប្រឈមរបស់SMEs ត្រូវការការសម្របសម្រួលជាប្រព័ន្ធនិងស្មារតីចូលរួមចំណែករស់រវើកជាលក្ខណៈអន្ដរក្រសួង-ស្ថាប័ន
ភ្នំពេញ៖ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថាក្នុងការជួយគាំទ្រSMEs និងការដោះស្រាយបញ្ហាប្រឈមរបស់SMEs ត្រូវការការសម្របសម្រួលនិងការដោះស្រាយជាប្រព័ន្ធនិងស្មារតីចូលរួមចំណែករស់រវើកជាលក្ខណៈអន្ដរក្រសួង–ស្ថាប័នដើម្បីឱ្យSMEs អាចមានលទ្ធភាពគ្រប់គ្រាន់ចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច, បង្កើតការងារនិងចំណូលជាក់ស្តែងដល់ប្រជាពលរដ្ឋ, បំពេញតម្រូវការក្នុងស្រុកក៏ដូចជាលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ច។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូចនិងមធ្យម(គ.ស.ស.) បានដឹកនាំ“កិច្ចប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូចនិងមធ្យមលើកទី១” ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំក្រសួង–ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃគណៈកម្មាធិការដើម្បីពិនិត្យនិងអនុម័តលើសំណើវិធានការដើម្បីលើកស្ទួយសហគ្រាសធុនតូចនិងមធ្យម(Small and Medium Enterprises – SMEs) សម្រាប់រយៈពេលបន្ទាន់, ខ្លីនិងមធ្យម, នាព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឯកឧត្តមផាន់ផល្លារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(គ.ស.ហ) បានរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលស្រាវជ្រាវដោយគូសរំលេចបញ្ហាប្រឈមដែលមានលក្ខណៈជារចនាសម្ព័ន្ធនិងជាប្រព័ន្ធអេកូឡូស៊ីពិសេសពាក់ព័ន្ធនឹង៖១. បន្ទុកអនុលោមភាព, ការអនុវត្ដបទប្បញ្ញត្ដិដែលនៅមិនទាន់ស៊ីចង្វាក់រវាងក្រសួង–ស្ថាប័នពាក់ព័ន្ធនិងភាពនៅមានកម្រិតក្នុងការផ្ដល់សេវាគាំទ្រធុរកិច្ច, ២. សមត្ថភាពSMEs ក្នុងការគ្រប់គ្រងបច្ចេកទេសផលិតកម្ម, ធុរកិច្ចនិងហិរញ្ញវត្ថុនៅមានកម្រិតទាបនិង៣. ការទទួលបានហិរញ្ញវត្ថុនៅមានគម្លាតធំ។
អង្គប្រជុំបានពិភាក្សានិងឯកភាពជាគោលការណ៍លើវិធានការលើកស្ទួយSMEs ដោយគួររៀបចំជាពីរដំណាក់កាល៖ទី១. វិធានការរយៈពេលបន្ទាន់ផ្ដោតលើ៖ក. ការកាត់បន្ថយនិងសម្រួលនូវបន្ទុកអនុលោមភាពសម្រាប់សហគ្រាសធុនតូចនិងមធ្យម, ។ខ. ការពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មគាំទ្រដូចជាប្រឹក្សាយោបល់ធុរកិច្ច, សេវាមេធាវីនិងប្រឹក្សាច្បាប់, ការចុះបញ្ជី, គណនេយ្យ, ទីផ្សារនិងបច្ចេកទេស និងគ.ជំរុញការគាំទ្រការផ្ដល់ហិរញ្ញប្បទានដល់SMEs តាមរយៈធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជានិងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។ទី២. វិធានការរយៈពេលខ្លីនិងមធ្យមផ្តោតលើ៖ការគាំទ្រជាប្រព័ន្ធអេកូឡូស៊ីរួមមានការបន្ដកំណែទម្រង់ក្របខ័ណ្ឌបទប្បញ្ញត្តិនិងការអនុវត្ដ, ការលើកកម្ពស់សេវាគាំទ្រធុរកិច្ច, ការគាំទ្រហិរញ្ញវត្ថុ, ការលើកកម្ពស់ទីផ្សារសម្រាប់SMEs, ជំរុញនិងលើកកម្ពស់ធនធានមនុស្សនិងR&D, និងលើកកម្ពស់ផ្នត់គំនិតសហគ្រិនភាព។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីប្រធានអង្គប្រជុំបានគូសបញ្ជាក់ជារួមថាក្នុងការជួយគាំទ្រSMEs និងការដោះស្រាយបញ្ហាប្រឈមរបស់SMEs ត្រូវការការសម្របសម្រួលនិងការដោះស្រាយជាប្រព័ន្ធនិងស្មារតីចូលរួមចំណែករស់រវើកជាលក្ខណៈអន្ដរក្រសួង–ស្ថាប័នដើម្បីឱ្យSMEs អាចមានលទ្ធភាពគ្រប់គ្រាន់ចូលរួមវិភាគទានដល់កំណើនសេដ្ឋកិច្ច, បង្កើតការងារនិងចំណូលជាក់ស្តែងដល់ប្រជាពលរដ្ឋ, បំពេញតម្រូវការក្នុងស្រុកក៏ដូចជាលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ច។
ដើម្បីធានាបានប្រសិទ្ធភាពអនុវត្តន៍, ជាកិច្ចការបន្តត្រូវធ្វើការសិក្សាឱ្យបានជាក់លាក់តាមរយៈការកំណត់នូវនិយមន័យ, វិសាលភាព(Scope) ក៏ដូចជាផលរបរនៃSMEs, លទ្ធភាពជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុ, រៀបចំលិខិតបទដ្ឋានគតិយុត្តិដែលប្រទាក់ក្រឡាក៏ដូចជារៀបចំនូវសូចនាករវាស់វែងនិងការតាមដានការអនុវត្តន៍ជាអន្តរវិស័យនិងស្ថាប័ន។
ឯកឧត្ដមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណឯកឧត្តមលោកជំទាវរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំក្រសួង–ស្ថាប័នពាក់ព័ន្ធព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារដែលបានខិតខំបំពេញការងារផ្ដល់ធាតុចូលបន្ថែមនិងមានឆន្ទៈមុតមាំក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសម្រាប់លើកស្ទួយSMEs នៅកម្ពុជា៕