កាកបាទក្រហមខណ្ឌមានជ័យ បន្តចុះសួរសុខទុក្ខ និងបានផ្តល់អំណោយមនុស្សធម៍ជូនប្រជាពលរដ្ឋ កំពុងជួបជីវភាពខ្វះខាត ២០គ្រួសារ សង្កាត់បឹងទំពន់ទី១
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង ចំនួន ២០គ្រួសារ មកពី ៦ភូមិ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល សម្តេច តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។ មិនតែប៉ុណ្ណោះ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានបន្ថែមទៀតថា សូមបងប្អូនមេត្តាប្រកាន់ខ្ជាប់នូវសារគន្លឹះសុខភាព ហូបស្អាត អនាម័យស្អាត និងរស់នៅស្អាត ដើម្បីបង្ការជំងឺឆ្លងនានា ជាពិសេស វីរុសថ្មី កូវីដ-១៩ ដែលរាជរដ្ឋាភិបាល និងពិភពលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំងលើបញ្ហានេះ ថែមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋជា កម្មករ-កម្មការនី ទាំងអស់មេត្តាទៅពិនិត្យសុខភាពជាមួយក្រុមគ្រូពេទ្យជំនាញ ឬមណ្ឌលសុខភាពដែលនៅជិតលោកអ្នក។ យ៉ាងណាមិញ សូមបងប្អូនដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ កុំឱ្យជួបជុំហូបចុកគ្រឿងស្រវឹងក្នុងពិធីផ្សេងៗ បើនៅក្នុងមន្ទិលសង្ស័យបងប្អូនអាចទំនាក់ទៅលេខ ១១៥ ដោយឥតគិតថ្លៃ និង ត្រូវអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19) កំពុងតែកើតមានទ្បើងនៅក្នុងប្រទេសយើង។
យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៤លាននាក់ ស្លាប់ជាង ៥៩ម៉ឺននាក់ និងជាសះស្បើយជាង ៨លាននាក់ ហើយកម្ពុជាសព្វថ្ងៃ ចំនួនអ្នកឆ្លង ១៧១នាក់ ជាសះស្បើយ ចំនួន ១៣៣ នាក់ បើគិតត្រឹមថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២០ នេះដែរជាការប្រកាសរបស់ក្រសួងសុខាភិបាល ។
ជាចុងបញ្ចប់ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខា ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19) ដូខាងក្រោម ៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុល ជែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
អំណោយដែលទទួលបានពីអនុសាខាខណ្ឌមានជ័យ ក្នុងមួយគ្រួសារៗ រួមមាន ៖
– អង្ករ ១បាវ ៣០គីឡូ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១កេស, ត្រី ខ ១ យួរ , រួមទាំងថវិកាចំនួន ២០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕