ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 គំរាម​ទារ​គេ​៥០០០​ដុល្លារ ជន​ស៊ីវិល​៦​នាក់​ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​៤​នាក់ ដែល​តាំងខ្លួន​ជា​សមត្ថកិច្ច ហើយ​ធ្វើ​ស៊ី​ជនជាតិ​ចិន ត្រូវនគរបាលវាយខ្នោះ

63

 

​ខេត្ត​ព្រះសីហនុ​៖ លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ​ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹងថា នគរបាល​ជំនាញ​បង្ក្រាប ក្រុម​ជនសង្ស័យ​៦​នាក់ ក្នុងនោះ​មាន​អ្នកសារព័ត៌មាន​៤​នាក់ មាន​ជនជាតិខ្មែរ​៥​នាក់ និង​ជនជាតិ​ចិន​ម្នាក់ ដែល​ក្លែងបន្លំ​ជា​សមត្ថកិច្ច​នគរបាល ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​នៅក្នុង​ខេត្ត​ព្រះសីហនុ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បញ្ជាក់ថា នៅ​ថ្ងៃទី​៨ កញ្ញា ២០២០ វេលា​ម៉ោង​១១​និង​០០​នាទី មាន​ជន ជាតិចិន​ម្នាក់ ភេទ​ប្រុស បានមក​ដាក់ពាក្យ​បណ្តឹង​ថា កាលពី​ថ្ងៃទី​៦ កញ្ញា ២០២០ វេលា​ម៉ោង​២៣​និង​៣០​នាទី ។

​មាន​ជនសង្ស័យ​មួយ ក្រុម​ជា​ជនជាតិខ្មែរ មាន​គ្នា​៥​នាក់ ស្លៀកពាក់​ស៊ីវិល ជិះ​រថយន្ត ១​គ្រឿង ប្រភេទ PICK UP ពណ៌​ស និង​ម៉ូតូ​២​គ្រឿង អះអាងថា ជា​សមត្ថកិច្ច​ប៉ូលិស បានធ្វើ​សកម្មភាព​កាក់​រថយន្ត​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​១​គ្រឿង ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ផ្លាកលេខ ព្រះសីហនុ 2C-9291 ។

​ក្នុងពេលដែល​ជនរងគ្រោះ​កំពុងធ្វើដំណើរ​តាមផ្លូវ​ទៅ​បុរី​គុជ​អាស៊ី ស្ថិតនៅ​ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ បន្ទាប់មក​ក្រុម​ជនសង្ស័យ​ទាំងនោះ បានធ្វើ​ការឆែកឆេរ​ក្នុង​រថយន្ត​របស់​ជន​រងគ្រោះ ក៏បាន​ទម្លាក់​គ្រឿង ញៀន​១​កញ្ចប់ នៅក្នុង​រថយន្ត​របស់​ជនរងគ្រោះ ដើម្បី​ចោទប្រកាន់ថា គ្រឿងញៀន​ជា​របស់​ជនរងគ្រោះ រួច​គម្រាម​ទារប្រាក់​ពី​ជន​រង គ្រោះ​ចំនួន​៤០០០$ (​បួន​ពាន់​ដុល្លារ​អាមេរិក​) បើ​មិន​ព្រម​ឲ្យ​ទេ ក្រុម​ជនសង្ស័យ​ទាំងនោះ​នឹង​ចាប់​ជនរងគ្រោះ​ទៅ​ប៉ុស្តិ៍​ប៉ូលិស ដោយមាន​ការភ័យខ្លាច ជនរងគ្រោះ​ក៏​ទូរស័ព្ទ​ទៅ​ប្រពន្ធ​ដើរ​ខ្ចីលុយ​ពី​មិត្តភក្តិ​បាន​ចំនួន​២៣០០$ (​ពីរពាន់​បី​រយ​ដុល្លារ​អាមេរិក​) យកទៅ​ប្រគល់​ឲ្យ​ក្រុម​ជនសង្ស័យ ដោយ​សន្យាថា ប្រាក់​ដែល​នៅសល់​នឹង​ឲ្យ​នៅពេល​ក្រោយ ។​

បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ ដោយមាន​បញ្ជា​ផ្ទា​ល់ពី ឯកឧត្តម​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​ដឹកនាំ​សម្របសម្រួល​ពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ បាន​បញ្ជា​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​អត្តសញ្ញាណរ​បស់ជនស​ង្ស័​យ និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​សរុប​៦​នាក់ ក្នុងនោះ​មាន​ជន ជាតិចិន​ម្នាក់ ជនជាតិខ្មែរ​៥​នាក់ ជា​បន្តបន្ទាប់ នៅវេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី ៨ កញ្ញា ២០២០ ។

ជនរងគ្រោះ​ឈ្មោះ ZHANG KANG ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បាត់បង់​៖ លុយ​២៣០០$ (​ពីរពាន់​បី​រយ​ដុល្លារ​អាមេរិក​) ។​

​ជនសង្ស័យ​ទាំង​៦​នាក់​៖
១-​ឈ្មោះ ហាក់ សុធា​បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ភ្នាក់ងារ​សារព័ត៌មាន កម្ពុជា​ញូ​វ​ផ្លាស មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

២-​ឈ្មោះ អ៊ួ​ន ប្រុស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ភ្នាក់ងារ​សារ ព័ត៌មាន CAM POST មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

៣-​ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ្យ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខ របរ ភ្នាក់ងារ​សារព័ត៌មាន NEWS Online មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

៤-​ឈ្មោះ ចំរើន លាង​ម៉េង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ម៉ៅការ​សំណង់ និង​ជួល​រថយន្ត មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

៥-​ឈ្មោះ ស៊ឹម សុខ​ដា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ ជំនួយការ​របស់​ឈ្មោះ អ៊ួ​ន ប្រុស ភ្នាក់ងារ​សារព័ត៌មាន CAM POST មាន​ទីលំនៅ​ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

៦-​ឈ្មោះ ZHOU DONGYA ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ រត់​តាក់ស៊ី ស្នាក់នៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន ណា​រិន្ទ​ថា ក្រោយ​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ពិតជា​បាន​កាក់​ឃាត់​រថយន្ត​ឆែកឆេរ ក្នុង​រថយន្ត​និង​ជំរិត​ទារ​យកប្រាក់​បាន​ចំនួន​២៣០០​ដុល្លារ (​ពីរពាន់​បី​រយ​ដុល្លា​អាមេរិក​)​ពី​ជនរងគ្រោះ​ប្រាក​មែន ។ ករណីនេះ​កម្លាំង​ជំនាញ​កំពុង​បន្ត​តាម​នីតិវិធី​តាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង