កំណាត់ផ្លូវជាតិលេខ៩៥ ចាប់ពីស្រុកជ័យសែនដល់ស្រុកឆែប មានប្រវែង២០,៤គីឡូម៉ែត្រ បានបញ្ចប់ការងារកៀសម្រួលផ្លូវក្រាលក្រួសក្រហម ១០០% ហើយ
ព្រះវិហារ៖ ផ្លូវជាច្រើនខ្សែនៅទូទាំងខេត្តព្រះវិហារ ឃើញថាមានលក្ខណៈល្អស្អាត ងាយស្រួលក្នុងការធ្វើដំណើរទៅមក ។ កំណាត់ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិនិងផ្លូវលំនានានៅក្នុងខេត្តល្អស្អាតបែបនេះ មិនមែនបានមកងាយស្រួលនោះទេ គឺជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដោយក្រុមការងារនៃមន្ទីរនេះបានធ្វើសកម្មភាពការងារ ថែទាំផ្លូវជាតិ កៀរសម្រួល និងជួសជុលជាប្រចាំ។
ជាក់ស្តែងសម្រាប់ពេលនេះ ក្រុមការងារថែទាំផ្លូវថ្នល់ របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ចប់ការងារកៀសម្រួលផ្លូវក្រាលក្រួសក្រហមមូយខ្សែទៀតហើយ នោះគឺកំណាត់ផ្លូវជាតិលេខ៩៥ ដែលមានប្រវែងជាង២០គីឡូម៉ែត្រ។
ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រីបានអោយដឹងថា គិតមកត្រឹមរសៀលថ្ងៃទី១១ កញ្ញា ២០២០នេះក្រុមការងារថែទាំផ្លូវថ្នល់ របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ចប់ការងារកៀសម្រួលផ្លូវក្រាលក្រួសក្រហម ១០០% ហើយលើកំណាត់ផ្លូវជាតិលេខ៩៥ ចាប់ពីស្រុកជ័យសែនដល់ស្រុកឆែប ដែលមានប្រវែង២០,៤គីឡូម៉ែត្រ ក្រោយពីបានធ្វើសកម្មភាពថែទាំ កៀរសម្រួល ជួសជុល នាពេលកន្លងមក។
លោកសំ លាងទ្រី ក៏បានសូមអោយពុកម៉ែ បងប្អូនទបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរតាមដងផ្លូវប្រកបដោយសុខសុវត្ថិភាព និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីក្រុមគ្រួសារលោកអ្នក និងអ្នកដទៃ៕