បញ្ជូនតែកុងរថយន្តម្នាក់ទៅតុលាការ ក្នុងករណីបើករថយន្ត បុករថយន្តនិងម៉ូតូកង់បី ស្លាប់២នាក់
ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនដែលបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ មឿន ចក់ អាយុ ៣៦ ឆ្នាំ មុខរបរ អ្នកបើកបរ ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការនៅរសៀលទី១៤ខែកញ្ញានេះ ។
លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ មឿន ចក់ ភេទប្រុស ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវលេខ ១០១៩ ប្រសព្វផ្លូវ ម៉ុងឫទ្ធី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤និង៣០ នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ជនរងគ្រោះទី១- មាន ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ ៤៩ ឆ្នាំ (អ្នកបើកបរកង់បីឥណ្ឌា ពាក់ផ្លាកលេខ តាកែវ 1T-0003) មានស្រុកកំណើត ខេត្តតាកែវ ។ ជនរងគ្រោះទី២ ដែលជាអ្នកដំណើរមានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ ២៥ ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ៕