ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យជាមន្ត្រីនគរបាល បាញ់សម្លាប់ជាងកាត់សក់ ជាខ្មែរក្រោម នៅម្តុំទួលគោក

55

ភ្នំពេញ៖ស្គាល់អត្តសញ្ញាណហើយ ជនសង្ស័យ បាញ់សម្លាប់ជាងកាត់សក់ជាខ្មែរក្រោម គឺជាមន្ត្រីនគរបាល។
មេជាងកាត់សក់ម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានជនសង្ស័យបាញ់មួយគ្រាប់ ចំដើមទ្រូងដោយសាររឿងគំនុំ កាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃសៅរ៍ ទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅមុខផ្ទះជនរងគ្រោះ (យីហោ កាត់សក់ សុខម៉េង) តាមបណ្ដោយផ្លូវលេខ ២៩១ នៅខាងត្បូងសាលាទួលគោក ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក ។

ជនរងគ្រោះឈ្មោះ សុខ សុកេន មានដើមកំណើតជាខ្មែរក្រោម (ភូមិដើមអំពិល ស្រុកជ្រោយ ញ ខេត្តឃ្លាំង-កម្ពុជាក្រោម) អាយុ ៣៤ ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធ និងកូនស្រី ៤ នាក់ បច្ចុប្បន្នរស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះលី ថារិយ ជាអតីតមន្ត្រីនគរបាលខណ្ឌដូនពេញ (ក្រោយមក ព្រោះការប្រព្រឹត្តខុស នឹងវិន័យ ក៏ត្រូវបានដកមកបញ្ឈរជើង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ) បានរត់គេចខ្លួនបាត់ ក្រោយបង្កហេតុ ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានមកជួលផ្ទះ នៅកន្លែងកើតហេតុខាងលើ ប្រកបមុខរបរកាត់សក់រយៈពេល ២០ ឆ្នាំកន្លងមកហើយ ដោយមានកូន ៤ នាក់ ។ ចំណែកជនសង្ស័យ បានមកជួលផ្ទះជាប់ នឹងផ្ទះជនរងគ្រោះរយៈពេលប្រមាណជាង ៣ ខែប៉ុណ្ណោះ ដោយលក់អីវ៉ាន់ចាប់ហួយ និងភេសជ្ជ: ។ តាមប្រភពដដែលបានបន្តទៀតថា ករណីនេះ កើតឡើងដោយសារតែរឿងគំនុំលើការរកស៊ី ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃនេះថា កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកជនដៃដល់ ដែលបានបាញ់សម្លាប់ជាងកាត់សក់ យកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។ លោកអះអាងថា តាមការស៊ើបអង្កេតបឋម ជនសង្ស័យដែលបាញ់សម្លាប់ជាងកាត់សក់ទំនងជាមន្ត្រីនគរបាលខណ្ឌ ។

សូមបញ្ជាក់ថា ជាងកាត់សក់ ដែលមានដើមកំណើតជាខ្មែរក្រោមរូបនេះ ត្រូវបានជនល្មើសបាញ់សម្លាប់ ដោយបានបន្សល់ទុកកូនស្រី ៤ នាក់ កូនស្រីទី ១ អាយុ ១១ ឆ្នាំ កូនស្រីទី ២ អាយុ ៩ ឆ្នាំ កូនស្រីទី ៣ អាយុ ៥ ឆ្នាំ, កូនស្រីទី ៤ អាយុ ១ ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង