ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​​បង្ក្រាប​បាន​ក្រុម​ចោរប្រមាណ ១៣​នាក់ប្លន់​យ៉ាង​កក្រើក​តាម​ផ្លូវ​ជាតិ​លេខ​៣​ លេខ​៤ ​និងផ្លូវ លេខ៤១

59

ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល ​សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ​នានា​ នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ខេត្តកំពង់ស្ពឺ ​និង​ខេត្តបាត់ដំបង ​បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ចោរប្លន់​យ៉ាងសកម្ម​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ​និង​ផ្លូវ​លេខ​៤១​ ខេត្តកំពង់ស្ពឺ ​រួមទាំង​អ្នក​ទទួលផល​ចោរកម្ម​ផង​នោះ ​ប្រមាណ ១៣​នាក់ ​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ ។

លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ប្រាប់​ឲ្យ​ដឹង ​នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា​ ឆ្នាំ​២០២០​នេះ ថា ​កាលពី​អំឡុង ​ខែឧសភា ​និង ខែកញ្ញា ឆ្នាំ​២០២០ ​មាន​ករណី​អំពើ​ប្លន់​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ ​កើតឡើង​ នៅក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ និង សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​ បង្កឡើង​ដោយ​ក្រុម​ជនសង្ស័យ​ជាច្រើន​នាក់ ​។ បន្ទាប់ពី​កើតហេតុ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង ​ដើម្បី​ឲ្យ​សមត្ថកិច្ច​បើក​ការស្រាវជ្រាវ ។

លោក​វរសេនីយ៍ទោ ឈឹម សា​វុ​ទ្ធ ប្រាប់​ឲ្យ​ដឹងថា ​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ភ្លាមៗ ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​កំបូល ​ដឹកនាំ​ដោយ​លោក​ផ្ទាល់​ក្រោម​ការណែនាំ​ពី​លោក​វរសេនីយ៍ឯក ហង្ស មុនី អធិការ ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល​ ស្រាវជ្រាវ​ស៊ើបអង្កេត ​សហការ​ជាមួយ​កម្លាំង​នគរបាល​តាម​បណ្តា​ខណ្ឌ​នានា ​ដែល​ពាក់ព័ន្ធ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល ​រាជធានី​ភ្នំពេញ ​នគរបាល​ខេត្តកំពង់ស្ពឺ ​និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ ខេត្តបាត់ដំបង ​ដោយមាន​ការ​សម្របសម្រួល​ពី​ស្ថាប័ន​តុលាការ​ផងដែរ​ រហូត​បង្ក្រាប​ក្រុម​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ រួមទាំង​អ្នក​ទទួលផល​ចោរកម្ម ​សរុប​ទាំងអស់ ១៣​នាក់ ​ដកហូត​វត្ថុតាង ​ពាក់ព័ន្ធ​មួយចំនួន ។

លោក​អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ប្រាប់​បន្ត​ឲ្យ​ដឹងថា​ ក្រុម​ជនសង្ស័យ​ទាំងអស់នោះ ​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​ប្រជាពលរដ្ឋ​យ៉ាង​កក្រើក ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ​ផ្លូវជាតិ​លេខ​៤ ​និង​ផ្លូវ​លេខ​៤១ ​ខេត្តកំពង់ស្ពឺ​ ។ ក្រុម​ជនសង្ស័យ​ទាំងនេះ​ ក៏មាន​នៅ​សេសសល់​បក្ខពួក​មួយចំនួន ​ដូច្នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់លោក​ ក៏​កំពុង​តាម​ស្រាវជ្រាវ​ផងដែរ ​ដើម្បី​យកម​ក​ផ្តន្ទាទោស​តាមច្បាប់ ។

ជាមួយគ្នានេះ​ក្រុម​ជនសង្ស័យ រួមទាំង​អ្នក​ទទួលផល​ចោរកម្ម សរុប​ទាំងអស់​ ១៣​នាក់ ត្រូវបាន​កម្លាំង​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ​ឆ្នាំ​២០២០ នេះ ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង