ចាប់ចោរញីឈ្មោលពីរនាក់កាច់កម៉ូតូ , ទាហានលង្វែកម្នាក់ ដេញចាប់ចោរលួចកាច់កម៉ូតូរបស់ពលរដ្ឋ បានបាត់បង់ជីវិតដោយសារជិះម៉ូតូធ្លាក់ទឹកបឹង
កំពង់ឆ្នាំង: មន្ត្រីយោធា ១នាក់ បានស្លាប់ ដោយសារជិះម៉ូតូ ដេញតាម ជនសង្ស័យប្រុស-ស្រី២នាក់កាច់សោក ម៉ូតូ ហើយធ្លាក់ជង្ហុក ធ្លាក់ចូលក្នុងទឹកបឹង លង់ស្លាប់ នៅឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី
២៧ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ១៦និង៣០នាទី។
ជាអកុសលមន្ត្រីបាត់បង់ជីវិត ឈ្មោះ សាយ វិសាល អាយុ ១៨ ឆ្នាំ ជាទាហាននៅវរៈទី៣ កងពលតូចអន្តរាគមន៍លេខ១ នៅបន្ទាយស្ពានពោធិ៍ ឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ម៉ូតូជារបស់ឈ្មោះ សាំង សុភ័ក្រ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិ ដំណាក់អំពិល ឃុំ ត្បែងខ្ពស់ ស្រុក សាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ ជនសង្ស័យប្រុសស្រីចំនួន ២នាក់ ១ ឈ្មោះ សេន ឡឹប ហៅពូ ភេទ ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិ កញ្ជោង ឃុំ ច្រេស ស្រុកកំពង់ត្រឡាច។២ ឈ្មោះ សេង ពេជ្រ ភេទ ស្រី អាយុ ៣៥ ឆ្នាំ រស់នៅស្រុកពញាឮ ខេត្តកណ្តាល។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលជំនាញស្រុកកំពង់ត្រឡាចបានឲ្យដឹងថាចំពោះវត្ថុតាងដកហូតបាន រួមមាន សោអក្សរតេ១ ម៉ូតូម៉ាក DREAM សេ ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១i ៣២៩៩។
ខណ:មេឃកំពុងតែភ្លៀងខ្លាំង នៅវេលាម៉ោងប្រមាណជា ១៦និង៣០ នាទីនៅក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច មានករណីចោរញីឈ្មោល បានលួចកាច់កម៉ូតូប្រជាពលរដ្ឋ តែត្រូវបានប្រជាពលរដ្ឋដឹងទាន់ ហើយដេញតាម ក្នុងនោះបានធ្វើឲ្យមន្ត្រីយោធាលង្វែកម្នាក់បាត់បង់ជីវិតដោយលង់ទឹកបឹង។
ពេលចោរលួចម៉ូតូបានហើយជិះឌុបគ្នា រត់មកដល់ភូមិកំពង់ក្តារ សមត្ថកិច្ចនិងប្រជាការពាររួមទាំងប្រជាពលរដ្ឋតាមទាន់ ចាប់បានខាងចោរស្រីម្នាក់ ចំណែកចោរប្រុស បានរត់ចូលទឹកបឹង ប្រហែល១ម៉ោងក្រោយមកក៏ចាប់បានផងដែរ។
ប្រភពបង្ហើបថាចោលញីឈ្មោលរស់នៅភូមិកញ្ជោង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ។
បច្ចុប្បន្ននេះចោរប្រុសស្រីទាំងពីរនាក់ខាងលើត្រូវបានប្រគល់មកឲ្យសមត្ថកិច្ចជំនាញធិការនគរបាលស្រុកកំពង់ត្រឡាចដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕